រដ្ឋមន្ត្រីបរិស្ថាន លើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្តខិតខំចលនាដាំដើមឈើ ដើម្បីជាអត្តសញ្ញាណរបស់ខ្លួឱ្យបានច្រើន
ភ្នំពេញ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់បណ្តារាជធានី-ខេត្តនីមួយៗ ខិតខំចលនាដាំដើមឈើបានច្រើន ជាពិសេសគឺដើមឈើអត្តសញ្ញាណ របស់ខ្លួន ដូចជានៅខេត្តកែប មានដើមក្ងោកជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងក្នុងពិធីសំណេះសំ ណាល និងសួរសុខទុក្ខជាមួយមន្ត្រីរាជការ មន្ទីរបរិស្ថានខេត្តកែប នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ២០២៤។
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ខេត្តកែបបានក្លាយជាខេត្តទាក់ទាញមួយ លើសោភ័ណភាពដ៏ស្រស់ស្អាតរបស់ដើមក្ងោកនៅតាមដងផ្លូវ។ ក្នុងន័យនេះឯកឧត្តមរដ្ឋមន្ត្រីបរិស្ថាន បានជំរុញលើកទឹកចិត្តឲ្យខេត្តកែប បន្តដាំដើមក្ងោកឲ្យបានកាន់តែច្រើនថែមទៀត នៅតាមតាមផ្លូវ តាមឆ្នេរនានាពិសេសឆ្នេរអង្កោល ដែលទើបទទួលបានផ្លូវថ្មី។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបរិស្ថាន បាននឹងកំពុងរៀបចំឲ្យមានសួនបណ្តុះកូនឈើតាមរាជធានី ខេត្ត ដើម្បីចែកជូនប្រជាពលរដ្ឋយកទៅដាំដុះ បង្កើនគម្របព្រៃឈើឡើងវិញ ឲ្យបាន១លាន ៣សែនដើមក្នុងមួយឆ្នាំ។ តាមរយៈពិព័រណ៍ពន្លកបៃតង រៀបចំដោយក្រសួងបរិស្ថាន នាពេលកន្លងទៅនេះ ក៏បានបណ្ដុះស្មារតីប្រជាពលរដ្ឋ ឲ្យចូលរួមដាំដើមឈើឡើងវិញ ឲ្យបានកាន់តែច្រើន ដោយក្រសួងបរិស្ថាន នឹងបន្តរៀបចំពិពរណ៏ពន្លកបៃតង ទ្រង់ទ្រាយធំនៅឆ្នាំក្រោយ នៅរាជធានីភ្នំពេញ និងតាមបណ្ដារាជធានីខេត្ត ផ្សេងទៀតផងដែរ។
ក្នុងន័យនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឲ្យមន្ទីរបរិស្ថាន រាជធានី-ខេត្តខិតខំធ្វើការបណ្ដុះកូនឈើឲ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋ។ តាមការគ្រោងទុកក្រសួងបរិស្ថានគ្រោងដាំស្តារព្រៃឈើឡើងវិញ ឲ្យបាន៥លានហិចតាបន្ថែមទៀត ក្នុងរយៈ ពេល២៥ឆ្នាំខាងមុខ ពោលគឺធ្វើយ៉ាងណាដាំដើមឈើឡើងវិញ ឲ្យបាន១១លានហិចតា រឺ ៦០ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា នៅត្រឹមឆ្នាំ២០៥០។ នេះជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន អ៊ាង សុផល្លែត។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកដល់អាជ្ញាធរខេត្តនិងមន្ត្រីបរិស្ថាន យកចិត្តទុកដាក់ទៅលើបរិស្ថាន ដោយធ្វើយ៉ាងណាជំរុញភាពស្អាត អនាម័យឲ្យទៅជាចលនា និងប្រែក្លាយទៅជាទម្លាប់នៃភាពស្អាត នៅគ្រប់ស្រទាប់វណ្ណៈ។ តាមរយៈយុទ្ធនាការ “ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” របស់ក្រសួងបរិស្ថាន បាននិងកំពុងបណ្ដុះគំនិតនៃភាពស្អាត និងការចូលរួមរបស់ប្រជាពល រដ្ឋ នៅក្នុងសំណោមស្រទាប់កុមារ និងយុវជនដែលបច្ចុប្បន្នមានអ្នកចូលរួមប្រមាណជាង ៣លាននាក់ បានចូលរួមយ៉ាងផុលផុស ក្នុងយុទ្ធនាការនេះ ៕