សកម្មភាព និងគោលការណ៍ណែនាំសំខាន់ៗ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចន្លោះសប្ដាហ៍៤ ខែកក្កដា និងសប្ដាហ៍ទី១ ខែសីហា ឆ្នាំ២០២៤
ភ្នំពេញ៖ ផ្ដើមពីថ្ងៃចន្ទ ទី២៩ ខែកក្កដា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៤ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ ជាការកត់សម្គាល់ ក្នុងរយៈ ៦ខែ ដើមឆ្នាំ២០២៤ នេះ ទី១-សមត្ថកិច្ចនគរបាលជាតិ បង្ក្រាបបានជាង ៤ពាន់ករណី ស្មើនឹងគ្រឿងញៀនជាង ៥តោន ឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ ក្នុងនោះមេក្លោងធំមាន ៣៧នាក់ ខ្សែបណ្ដាញ ១២៨នាក់។ ទី២-គ្រោះថ្នាក់ចរាចរណ៍មាន ១៥៣៤លើក ថយចុះ ១៤លើក ធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែអ្នកស្លាប់មានដល់ទៅ ៧៩៣នាក់ កើន ៣៧នាក់ និងរបួសមាន ២ ១១៦នាក់។ ទី៣-អំពើឆក់ប្លន់ ក្នុងចំណោម២៥រាជធានី ខេត្ត មានខេត្តចំនួន ១៥ មានបទល្មើសកើនឡើង រួមមាន៖ ខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង កណ្ដាល កោះកុង ក្រចេះ មណ្ឌលគិរី ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង ឧត្តរមានជ័យ ប៉ៃលិន និងត្បូងឃ្មុំ ខណៈបទល្មើសមានកំណើន រួមមាន៖ លួចមានស្ថានទម្ងន់ទោស ឃាតកម្ម រំលោភសេពសន្ថវៈជាដើម។ ទី៤-អំពើជួញដូរមនុស្ស សមត្ថកិច្ចបង្រ្កាបបាន ៨៩ករណី ឃាត់ខ្លួន ១០៨នាក់ បញ្ជូន ទៅ តុលា កា រ និងរំដោះជនរងគ្រោះ១៥៦នាក់ ទទួលសំណើ សំណូមពរសុំអន្តរាគមន៍ពីគ្រប់ប្រភព ៥៥១សំណើ មនុស្ស១០៩៣នាក់ ក្នុងនោះរកឃើញ២៦៤សំណើ ស្មើមនុស្ស ៥៦៦នាក់ រកពុំឃើញ៩៩សំណើ មនុស្ស២១១នាក់ និងកំពុងបន្តស្រាវជ្រាវ១៨៨សំណើ មនុស្ស៣១៦នាក់។ ទី៥-ក្មេងទំនើង បង្រ្កាបបាន១ ៤៩៤ករណី ឃាត់ខ្លួន៣ ៩៩៤នាក់ អនុវត្តវិធានការច្បាប់១ ៤៣៤នាក់ និងអនុវត្តវិធានការរដ្ឋបាល២ ៥៦០នាក់។
នៅរសៀលថ្ងៃទី២៩កក្កដា ដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ឡោ វីឡា ប្រធានសមាគម SOS Cambodian Kids និងសហការី។ សមាគមនេះ បង្កើតឡើងនៅឆ្នាំ២០១៤ មានគោលដៅបំពេញបេសកកម្មមនុស្សធម៌ ក្នុងមួយឆ្នាំ១ទៅ២ដង ដើម្បីជួយពលរដ្ឋខ្មែរមានការខ្វះខាតខាងជីវភាពនៅតំបន់ជនបទ តាមរយៈការចែកសម្លៀកបំពាក់ សម្ភារសិក្សានិងអនាម័យ សាងសង់សាលារៀន ផ្គត់ផ្គង់ម្ហូបអាហារ វែនតា រទេះរុញ ជីកអណ្ដូង និងព្យាបាលជំងឺ។
បន្តមកដល់រសៀលថ្ងៃទី៣០ ខែកក្កដា ឯកឧត្តមអភិសន្តិបណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការសម្របសម្រួល ជំរុញ អនុវត្ត និងត្រួតពិនិត្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ។ ជាការកត់សម្គាល់ ឯកឧត្តមអភិសន្តិបណ្ឌិត បានទុកឱសានវាទមួយសប្ដាហ៍ដល់ស្នងការដ្ឋាននគរបាលរាជធានី ខេត្តក្នុង រៀបចំផែនការចុះពិនិត្យទីតាំងកម្សាន្តបង្កប់គ្រឿងញៀន ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់។
បន្តមកដល់ព្រឹកថ្ងៃទី៣១ ខែកក្កដា ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នៅទីស្ដីការក្រសួងមហាផ្ទៃ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញឱ្យបន្តធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីគ្រប់គ្រងអំពើល្មើស និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានតម្លាភាព និងប្រសិទ្ធភាពជាងពេលមុន។ បន្ថែមលើនេះ ប្រមុខក្រសួងមហាផ្ទៃ បានទុកពេល១ខែឱ្យបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តសម្អាតការបិទ ការដាក់តាំង ការព្យួរ វត្ថុផ្សេងៗ នាំឱ្យបាំងអ្នកបើកបរ។
នៅព្រឹកថ្ងៃដដែល ឯកឧត្តមអភិសន្តិបណ្ឌិត បានអនុញ្ញាតឱ្យឯកឧត្តម Jonh Lee នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ចូលជួបសម្តែងការគួរសម ដោយក្នុងជំនួបនោះ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បង្ហាញាការជឿជាក់ថា ឯកឧត្តម Jonh Lee នឹងជំរុញការបណ្តាក់ទុនវិយោគ និងសេដ្ឋកិច្ចលើវិស័យអាទិភាពនានានៅកម្ពុជាបន្ថែមទៀត ខណៈឯកឧត្តម Jonh Lee បានសន្យាបន្តពិនិត្យលទ្ធភាពបង្កើនការវិនិយោគនៅកម្ពុជា ព្រមទាំងចូលរួមជួយផ្សព្វផ្សាយ និងកៀរគរវិនិយោគិនដៃគូដទៃទៀត ឱ្យមកស្វែងរកឱកាស សក្តានុពល និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
ភារកិច្ចចុងខែកក្កដាមិនទាន់ចប់នៅឡើយទេ នៅរសៀលថ្ងៃទី៣១ដដែលនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានបន្តដឹកនាំកិច្ចប្រជុំស្តីពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី ដែលបានសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួច និងបានសិក្សាបញ្ចប់ត្រៀមស្នើសុំការសម្រេចដាក់ឱ្យប្រើប្រាស់ និងកំពុងសិក្សា ជាមួយ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ។ កិច្ចប្រជុំបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ។
បើកទំព័រដើមខែសីហា ឯកឧត្តមអភិសន្តិ ក្នុងនាមប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.
ជ) បានអញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ។
ឯកឧត្តមអភិសន្តិបន្ឌិត បានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីគ្រប់ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ចូលរួមផ្តល់របាយការណ៍ និងព័ត៌មានពិតពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាមគ្រប់មធ្យោបាយ ដើម្បីឈានទៅបង្ក្រាបបទល្មើសបានទាន់ពេលវេលា។ ជាថ្មីម្ដងទៀត ឯកឧត្តមអភិសន្តិបណ្ឌិត បានទទូចឱ្យអ្នកធ្វើរបាយការណ៍ទាំងឡាយមានសុភវិនិច្ឆ័យប្រក បដោយភាពគ្រប់ជ្រុងជ្រោយអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
រសៀលថ្ងៃទី១ ខែសីហា ដដែល ឯកឧត្ដមអភិសន្តិបណ្ឌិត បានអនុញ្ញាតជូន ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ជួបសម្ដែងការគួរសម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសន្តិ សុខ។
ឯកឧត្តមអភិសនិ្តបណ្ឌិត បានថ្លែងអំណរគុណភាគីចិនសម្រាប់ការអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដើម្បីចូលរួមកម្មវិធីវេទិកាសន្តិសុខសាធារណៈសកល និងដើម្បីបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ចិន ខាងមុខនេះ។
ឯកឧត្ដម Wang Wenbin និងឯកឧត្ដមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងពិភាក្សាគ្នាពីការងារអន្តោប្រវេសន៍ ការបង្ក្រាបបទល្មើសផ្សេងៗ ការប្រយុទ្ធប្រឆាំងល្បែងពាណិជ្ជកម្ម រួមមានការជួញដូរ/រត់ពន្ធមនុស្ស និងគ្រឿងញៀន និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។ ឯកឧត្ដមអភិសន្តិបណ្ឌិត សង្ឃឹមថាភាគីចិន នឹងបន្តផ្តល់ជំនួយនានា រួមមានមានជំនួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស បម្រើដល់វិស័យសន្តិសុខនិងការបណ្តុះបណ្តាលផ្សេងៗដល់ក្រសួងមហាផ្ទៃ។
ក្រោយបញ្ចប់ជំនួបជាមួយឯកអគ្គរដ្ឋទូតចិន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាឱកាសជិតដល់ថ្ងៃខួប១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តមភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា ភារកិច្ច និងការទទួលខុសត្រូវរបស់យើង ក្នុងការបម្រើជាតិ បម្រើប្រជាជន វិស័យ មហាផ្ទៃ គឺមិនឆ្អែតស្កប់ស្កល់ឡើយ។ យើងមានតែត្រូវបន្តខិតខំធ្វើយ៉ាងណាឱ្យប្រជាជន កាន់តែទទួលបានភាពកក់ក្ដៅពីយើង សមនឹងអ្វីដែលយើងធ្លាប់រម្លឹកគ្នាជារឿយៗថា «ធ្វើអ្វីៗដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាជាពលរដ្ឋ»។
ឯកឧត្តមបានស្នើសុំថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ចាត់ទុកគ្នាជាគ្រួសារមហាផ្ទៃតែមួយ រួមសុខ រួមទុក្ខ រួមរែកពុន រួមធ្វើ រួមទទួលខុសត្រូវ តាមសមត្ថកិច្ចរៀងៗខ្លួនក្នុងវិស័យមហាផ្ទៃ សមនឹងពាក្យថា «ដើមឈើធំមួយដើម ទាល់តែខ្ចីដៃគ្នាឱប ទើបជុំ» និងត្រូវបន្តប្រកាន់ខ្ជាប់ អភិក្រម កុំ៣ គួរ៣ និងគប្បី១ គឺ កុំឈ្លោះគ្នា កុំប៉ែងជើងគ្នា កុំច្រណែនគ្នា គួរស្រលាញ់និងសាមគ្គីគ្នា គួរជ្រោមជ្រែងគ្នា គួរសាទរគ្នា និងគប្បីចាប់ដៃគ្នា ដើម្បីឱបដើមឈើមហាផ្ទៃឱ្យបន្តជោគជ័យជានិរន្តរ៍។
ឈានចូលព្រឹកថ្ងៃទី២ ខែសីហា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានចូលរួមក្នុងប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ សរុបចំនួន ១៤០នាក់ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត និងកម្លាំងចម្រុះ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រតិបត្តិការរុករកឧទ្ធម្ភាគចក្រ និងបានឧបត្ថម្ភថវិកាជូនកងកម្លាំងប្រតិបត្តិការខេត្ត សរុប១៤០នាក់ ក្នុងម្នាក់ទទួលបានថវិកា១០០ដុល្លារ៕