សម្តេចធិបតី៖ ព្រែកជីកហ្វូណនតេជោ បញ្ជាក់ឱ្យឃើញថា កម្ពុជាមានសុខសន្តិភាព និងសេរីភាពពេញលេញនៅក្នុងការសម្រេចជោគវាសនាខ្លួនឯង
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ព្រែកជីកហ្វូណនតេជោ បញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាមានសុខសន្តិភាព និងសេរីភាពពេញលេញនៅក្នុងការសម្រេចជោគវាសនាខ្លួនឯង។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ស្ថិតនៅចំណុចចាប់ផ្តើម នៃព្រែកជីកពីដងទន្លេមេគង្គ ក្នុងភូមិសាស្ដ្រព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះតែ ក៏បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រព័ន្ធធារាសាស្រ្ដ និងផលប្រយោជន៍ជាច្រើនលើសលប់ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយព្រែកជីកនេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការកសាងព្រែកជីកហ្វូណនតេជោ គឺមិនខុសពីចក្ខុវិស័យរបស់កម្ពុជា កាលពី ២ពាន់ឆ្នាំមុននោះទេ ដែលកាលនោះ កម្ពុជា គឺអាណាចក្រហ្វូណន មានភាពរុងរឿងរីកចម្រើន ៕