នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា ពេលដែលព្រែកជីកហ្វូណនតេជោ សង់រួចហើយ នឹងមិនធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីនោះទេ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធានាអះអាងថា នៅពេលដែលគម្រោងព្រែកជីកហ្វូណនតេជោ សាងសង់រួចរាល់ហើយនោះ កម្ពុជា នឹងមិនធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីរបស់ខ្លួនឡើយ
ក្នុងពិធីបើកការដ្ឋានជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នៅព្រែកតាកែវ ស្ថិតនៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី បានមានប្រសាសន៍ថា ការធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោ លេចចេញជារូបរាង នារយៈពេល ៥ឆ្នាំទៀត នឹងធ្វើឱ្យមនុស្សមួយចំនួនគិតតែនាំគ្នាភ័យព្រួយ និងសង្ស័យរឿងបាត់បង់អធិបតេយ្យជាតិ បានឃើញតែច្បាស់ និងលែងសង្ស័យទៀត ព្រោះគម្រោងនេះ មិនត្រឹមតែនាំឱ្យពលរដ្ឋខ្មែរបានផលប្រយោជន៍នោះទេ តែបានរក្សាទឹកដីទៀត ។ ដូច្នេះដើម្បីសបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនធ្វើឱ្យបាត់បង់អធិបតេយ្យជាតិ សម្ដេចធិបតី បានឱ្យរួមសាមគ្គីគ្នាធ្វើយ៉ាងណា ត្រូវនាំគ្នាធ្វើឱ្យគម្រោងព្រែកជីកហ្វូណនតេជោទទួលបានជោគជ័យ ។
សម្ដេចធិបតី បញ្ជាក់ថា «ខ្ញុំ ធានាអះអាងថា ពេលដែលគម្រោងនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ ធ្វើហើយ កម្ពុជានឹងមិនមានការបាត់បង់ដី នៅភាគខាងត្បូង ភាគខាងកើត នៃទន្លេនេះទេ ហើយយើងក៏មិនបាត់បង់អធិបតេយ្យភាព នៃការប្រើប្រាស់ផ្លូវទឹក នៃព្រែកជីកនេះផងដែរ ខ្ញុំហ៊ានធានា»។
សូមបញ្ជាក់ថា គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព ៕