សម្ដេចធិបតី៖ កម្ពុជាកំពុងក្លាយជាទីតាំងបណ្ដុះបណ្ដាលទាំងក្នុងតំបន់ និងអន្តរជាតិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជាកំពុងក្លាយជាទីតាំងបណ្ដុះបណ្ដាលទាំងក្នុងតំបន់ និងអន្តរជាតិក្នុងនោះមានដូចជា ជំនាញធ្វើអវយវៈសិប្បនិម្មិត និងដោះមីនជាដើម។ ក្រៅពីនេះ ក៏មានវិនិយោគិនខ្មែរជាច្រើនទៅបណ្ដាក់ទុននៅប្រទេសដទៃផងដែរ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញប្រគល់សញ្ញបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ឱ្យតែខ្មែរយើងខ្លាំង ប្រជាជនយើងខ្លាំង គ្មានបរទេស ឬអ្នកណាមកធ្វើបាបយើងបានទេ ដូច្នេះខ្មែរយើងត្រូវរួមគ្នាពង្រឹងខ្លួនឯង និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
សម្ដេចធិបតី ក៏បានជូនពរដល់សាលាបណ្ដុះបណ្ដាល, អ្នកជំនាញកម្ពុជា និងធុរជនខ្មែរទាំងអស់ សូមឱ្យកាន់តែជោគជ័យ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិឱ្យកាន់តែល្បាញល្បីថែមទៀត ៕