រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតការយកចិត្តទុកដាក់ ចំពោះការពង្រឹងធនធានមនុស្ស ឲ្យមានចំណូលខ្ពស់នៅឆ្នាំ២០៥០
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះកត្តាមនុស្សនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាមួយនិងបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយក្នុងនោះយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យកវិធានគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន ៦ ដែលសុទ្ធតែផ្តោតសំខាន់ទៅលើកត្តាមនុស្ស ដូចជាការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅគ្របដណ្តប់សុខភាពជាសកល និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសជូនដល់យុវជនចំនួនប្រមាណជាង១,៥លាននាក់។ ការធ្វើស្ថាបនូបនីយកម្ម និងកម្មវិធីជាតិជំនួយសង្គមគ្រួសារគ្រីក្រ និងជនងាយរងគ្រោះបានគ្របដណ្តប់លើប្រជាជនប្រមាណ ៤,៣លាននាក់ ៕