សម្តេចធិបតី៖ នៅតាមបន្ទាត់ព្រំដែន យើងធ្វើផ្លូវពីរ គឺផ្លូវសេដ្ឋកិច្ច និងផ្លូវក្រវាត់ព្រំដែន
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែន យើងត្រូវធ្វើផ្លូវពីរ មានផ្លូវប្រើសម្រាប់សេដ្ឋកិច្ច និងផ្លូវសម្រាប់ក្រវាត់ព្រំដែន ដែលប្រើក្នុងគោលដៅការពារបូរណភាពទឹកដី ។
ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ៥៦១នាក់ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ព្រំដែនយើងធ្វើផ្លូវពីរ ផ្លូវមួយខ្សែគឺផ្លូវសេដ្ឋកិច្ច ហើយផ្លូវសេដ្ឋកិច្ចយើងធ្វើនៅខាងក្នុង អាចមួយគីឡូម៉ែត្រ ពីរគីឡូម៉ែត្រ ឫបួនគីឡូម៉ែត្រ ជាក់ស្តែងនៅទិសព្រំដែនថៃ យើងធ្វើផ្លូវ១ខ្សែចាក់ពីកូនដំរី ចាក់ទៅប៉ៃលិន និងកន្លែងផ្សេងៗ នេះគេហៅផ្លូវសេដ្ឋកិច្ចខាងក្នុង ប៉ុន្តែព្រំដែនមួយទៀត គឺផ្លូវព្រំដែនក្រវ៉ាត់ព្រំដែន ផ្លូវនេះគឺធ្វើកៀកខ្លាំងនឹងព្រំដែន យើងធ្វើកន្លែងខ្លះ ប្រទេសជិតខាងដាក់ទ័ពមកប្តឹងមកឱ្យយើងធ្វើការ ព្រោះវាកៀកព្រំដែនពេក»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ផ្លូវព្រំដែនយើងធ្វើ២ខ្សែ ហើយក៏មានប្រជាពលរដ្ឋខ្លះអាចមិនដឹងនឹងចោទជាសំនួរថា ហេតុអ្វីចាំបាច់ចំណាយលុយធ្វើផ្លូវ ២ខ្សែ មិនធ្វើតែមួយខ្សែទៅ? ជាក់ស្តែងគឺយើងធ្វើ ២ខ្សែ មានមួយសម្រាប់ជំរុញសេដ្ឋកិច្ចខាងក្នុង និងផ្លូវក្រវាត់ព្រំដែនមួយទៀត ក្នុងគោលដៅការពារបូរណភាពទឹកដី និងដើម្បីឱ្យប៉ូលីស ទាហ៊ាន បានដើរល្បាត និងដើម្បីឱ្យប្រជាពលរដ្ឋ អាចធ្វើស្រែចំការបានទៅដល់កៀគនឹងព្រំដែនផងដែរ ៕