សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមួយក្រុមមានគ្នា៥នាក់ ពាក់ព័ន្ធករណីលួច
ភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២៤ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៥នាក់ ភេទប្រុស ជនជាតិខ្មែរ ក្នុងនោះជនសង្ស័យ ០៤នាក់ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួនបានវេលាម៉ោង ១៨ និង ០០នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រីឯជនសង្ស័យ ០១នាក់ទៀត ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនក្នុងបទល្មើស អំពើលួច (លួចម៉ូតូ) ០១គ្រឿង ផ្សេងទៀតកាលពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង ៥០នាទី រំលងអធ្រាត្រ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ០២ និង ៣០នាទី រំលងអធ្រាត្រ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវលេខលំ ស្ថិតនៅ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណី អំពើលួច (កាច់បំបែកសោ ក លួចយកម៉ូតូ) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1KN-1550 ដែលជនរងគ្រោះឈ្មោះ ហៃ សល់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បានចតទុកនៅមុខបន្ទប់ជួលមិត្តភក្តិរបស់គាត់។
ជនរងគ្រោះឈ្មោះ ហ ស ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សម្ភារបាត់បង់៖ ម៉ូតូ១គ្រឿង ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1KN-1550 ។
ជនសង្ស័យទាំង ០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ស៊ុន វឿន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ សុខ ម៉ៅ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣-ឈ្មោះ ធន សុជារិទ្ធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៤-ឈ្មោះ ស៊ូ ពិសិដ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៥-ឈ្មោះ ឆេង សូរិយា ហៅ យ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅ បន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិ៥ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ (ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខ)។
បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM ស៊េរីឆ្នាំ២០២៤ ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ 1KN-1550 ដែលពួកវាធ្វើសកម្មភាពលួចបាន ពួកវាបានលក់ចេញបាត់ហើយ។ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កំពុងបន្តនីតិវិធី៕