គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាលើវិស័យទទួលបន្ទុករបស់គណៈកម្មការនៅខេត្តកែប
ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ ព្រមទាំង អនុប្រធាន លេខាធិការ និងសមាជិក សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបដឹកនាំដោយ ឯកឧត្តម ព្រុំ គន្ធិ អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកែប ព្រមទាំងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលាខេត្តកែប។
ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្ត ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៦ មកកាន់ខេត្តកែបនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចដែលទទួលខុសត្រូវរបស់គណៈកម្មការ នៅក្នុងខេត្ត ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលត្រូវជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់។
នារសៀលថ្ងៃដដែលនោះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ ព្រមទាំង អនុប្រធាន លេខាធិការ និងសមាជិក សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញចុះមកសិក្សាស្វែងយល់ការអនុវត្តការងារពាក់ព័ន្ធនឹងវិស័យយុត្តិធម៌របស់លាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប៕