ឯកឧត្តម មាន ចាន់យ៉ាដា ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ
ភ្នំពេញ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងពិធីបញ្ចុះបឋមសិលា សាងសង់ ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តឧត្តរមានជ័យ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល នៃគណៈអភិបាលក្រុង/ស្រុក ចៅសង្កាត់ មេឃុំ ទាំង២៤។
សូមបញ្ជាក់ថា សមាគមអតីតយុទ្ធជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម និងដោយមានការណែនាំចង្អុលបង្ហាញពីឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើអោយបងប្អូន អតីតយុទ្ធជន របស់យើង មានស្ថានភាពជីវភាព ប្រសើរឡើងជាបន្តបន្ទាប់ តាមរយៈការសាងសង់ផ្ទះជូនសមាជិកគ្រួសារអតីតយុទ្ធជនក្រីក្រ ការចុះសួរសុខទុក្ខ និងចែកអំណោយ ព្រមទាំងជំរុញដល់ការបើកផ្តល់ប្រាក់បេឡាមរណៈ សង្គ្រោះ ប្រាក់ធានារ៉ាប់រងសង្គម បានទាន់ពេលវេលាតម្រូវការចាំបាច់ របស់ពួកគាត់ និងបានតម្លើងប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែជាបន្តបន្ទាប់។ សម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិ ក្នុងក្របខណ្ឌគោលនយោបាយប្រព័ន្ធគាំពារ សង្គម ចូលរួមកាត់បន្ថយនូវភាពក្រីក្រ ដែលយើងត្រូវយកចិត្តទុកដាក់អោយកាន់តែខ្លាំង ៕