សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បន្តទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ
ភ្នំពេញ៖ នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ដើម្បីបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានស្តីពីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើការថ្លែង អំណរគុណ និងអគុណចំពោះបងប្អូនសប្បុរសជន ដែលបាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគមានដូចជា អង្គរ មី ទឹកត្រី ត្រីខកំប៉ុង ឧបត្ថមជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុនាពេលនេះ ដើម្បីរួម ចំណែកជួយដល់ជនរងគ្រោះ ងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចជានៅទូទាំងប្រទេសផងដែរ ហើយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងយកអំណោយទាំងនេះយកទៅធ្វើការចែកជូនដល់ដៃប្រជាពលរដ្ឋដែលត្រូវការជំនួយចាំបាច់។
ឯកឧត្តម ម៉ាង ស៊ីណេត បានបន្តថា ក្នុងនាមប្រធានស្តីទីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមធ្វើការអំពាវនាវដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជនរួមជាតិ អាជីវករ ពាណិជ្ជករ អញ្ជើញចូលរួមបរិច្ចាគថវិកា និងសម្ភារៈតាមសទ្ធាជ្រះថ្លាដល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់ក្នុងសហគមន៍ និងជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ងាយរងគ្រោះ ជនចាស់ជរា ស្រ្តីមេម៉ាយមានកូនច្រើន កុមារកំព្រា។ល។ ទៅតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដោយមិនមានប្រកាន់វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការនយោបាយ។
ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានស្តីទីសាខាកាកបាទក្រហមខេត្តព្រះសីហនុ សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ចាគធនធានរបស់ខ្លួនឧបត្ថម្ភជាថវិកា ក៏ដូចជាសម្ភារក្តីដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុពុំខានឡើយ។ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅរង់ចាំទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជនពីគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ គ្រប់ពេលវេលា ព្រមទាំងបានជូនពរឱ្យឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនសប្បុរសជនគ្រប់មជ្ឈដ្ឋានមានសុខភាពល្អ ប្រាជ្ញាឈ្លៀសវៃ កម្លាំងមាំមួនរកស៊ីទទួលទានមានបានកាន់តែល្អបន្ថែមទៀត។
ថវិកា និងសម្ភារៈ ដែលសាខាទទួលបានពីបងប្អូនសប្បុរសជននាពេលនេះ មានចំនួន ៨១នាក់ មានថវិកាចំនួន ២.៨៣៣ដុល្លាអាមេរិក និងលុយខ្មែរ ៣.១២០.០០០រៀល និងអង្ករ ៤តោន ទឹកត្រី ៤០០យួរ មី ៤០០កេសតូច និងត្រីខ ២០កេសធំ ៕