អគ្គនាយកអន្តោប្រវេសន៍ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយការដាក់ដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ អញ្ចើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសិក្ខាសាលាផ្សព្វផ្សាយការដាក់ដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយករង លោក-លោកស្រីប្រធាននាយកដ្ឋានអន្តោប្រវេសន៍ លោក-លោកស្រីក្រុមការងារពិធីការក្រសួងមហាផ្ទៃ និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធមួយចំនួន។
បន្ទាប់ពីបានស្ដាប់របាយការណ៍របស់ លោកឧត្តមសេនីយ៍ទោ ទាង សុឃាង ប្រធានយកដ្ឋានរដ្ឋបាលសរុប រួចមកអង្គប្រជុំ ក៏បានលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរមួយចំនួនទាក់ទងការងាររៀបចំ និងប្រព័ន្ធបច្ចេកទេស។
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ មានប្រសាសន៍ឲ្យក្រុមការងាររៀបចំទៅតាមផ្នែកមួយៗដែលបានកំណត់ ជាពិសេសក្រុមការងារបច្ចេកទេស ត្រៀមការធ្វេីបង្ហាញជូនអ្នកដឹកនាំ គណៈប្រតិភូ និងអ្នកដែលបានមកចូលរួមសិក្ខាសាលានេះ។
បន្ទាប់ពីប្រជុំ ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានអញ្ជេីញចុះត្រួតពិនិត្យសាលដែលត្រៀមរៀបចំកម្មវិធី ផងដែរ៕