សម្តេចធិបតី៖ វត្តមានរបស់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត បង្ហាញពីការទទួលស្គាល់ស្ថិរភាពនយោបាយនៅកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វតនៅកម្ពុជា បង្ហាញពីការទទួលស្គាល់ស្ថិរភាពនយោបាយ ការរីកចម្រើនសេដ្ឋកិច្ច និងសក្តានុពលកំណើនតទៅអនាគតរបស់កម្ពុជា ជាពិសេសគឺការវាយតម្លៃទៅលើអំណាចចាយវាយរបស់ទីផ្សារកម្ពុជាដែលមានបរិមាណកាន់តែរីកធំធាត់ឡើងស្របតាមការអភិវឌ្ឍជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ «សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia» នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការវិនិយោគលើសាកលវិទ្យាល័យត្រូវការទុនច្រើន ជាពិសេសលើការបំពាក់ហេដ្ឋារចនាសម្ព័ន្ធទុននិងរឹង ដូច្នេះការសម្រេចចិត្តវិនិយោគ គឺពិតជាត្រូវការការវាយតម្លៃដោយប្រាកដប្រជានិងដោយភាពប្រុងប្រយ័ត្នបំផុត។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ការបើកសាកលវិទ្យាល័យបានជារឿងអស្ចារ្យម៉្យាងប៉ុន្តែការពិនិត្យលើលទ្ធភាពនៃការបន្តឈរជើងឱ្យបានយូរអង្វែងនិងធានានិរន្តរភាពគ្រប់គ្រងគឺជាបញ្ហាដែលសាកលវិទ្យាល័យនីមួយៗត្រូវពិចារណាដោយប្រុងប្រយ័ត្នប្រយែង ទម្រាំមានការសម្រេចចិត្តបង្កើតសាខាដែលមានសំណង់អគារជារូបវ័ន្តនៅក្រៅប្រទេស ៕