អភិបាលខេត្តកំពង់ចាមដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពច្រាំងទន្លេដែលប្រឈមការគំរាមគំហែងការបាក់ស្រុតច្រាំងនៅចំណុចភូមិពាមក្រៅ ឃុំពាមកោះស្នា
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពច្រាំងទន្លេដែលប្រឈមការគំរាមគំហែងការបាក់ស្រុតច្រាំងនៅចំណុចភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញឲ្យ មន្ត្រី ជំនាញ ជាពិសេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាម ធ្វេីយ៉ាងណាទប់ស្កាត់ ដាក់បេខ្សាច់ ឬបោះថ្មទប់បន្ថែមទៀត ខណៈ នេះគ្រោះមហន្តរាយបង្កដោយធម្មជាតិ។
កន្លងទៅមន្ត្រីជំនាញបានធ្វេីការដាក់បេខ្សាច់ និងថ្មទប់តាមច្រាំងទន្លេនៅចំណុចនេះជាច្រេីនមកហេីយ ដោយស្ថានភាពអាកាសធាតុប្រែប្រួលផង ទន្លេបន្តហក់ឡេីង ហេីយកន្លែងខ្លះបន្តស្រុតបាក់ដីភូមិអ្នកស្រុកទៀត ដូច្នោះមន្ត្រីជំនាញរួមអាជ្ញាធរ នឹងបន្តរកវិធានការបង្ការទប់ស្កាត់ឲ្យខានតែបាន។
លោក អ៊ុម វិបុល ប្រធានមន្ទីរ ធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្ន ច្រាំងទន្លេមេគង្គដែលកំពុងគំរាមគំហែងដីភូមិរបស់អ្នកឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ពេលនេះមានប្រវែងប្រមាណជាង៥០ម៉ែត្រហេីយខណៈតំបន់ខ្លះអាជ្ញាធរ រួមមន្ត្រីជំនាញ បានទប់ស្កាត់កុំឲ្យមានការបាក់ស្រុតតទៅទៀត៕