សម្តេចធិបតី៖ មនុស្ស ជាកត្តាស្នូលនៃគោលនយោបាយរបស់កម្ពុជា ដូច្នេះការអប់រំ និងបណ្តុះបណ្តាលមូលធនមនុស្ស ជាយុទ្ធសាស្ត្រវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា មនុស្ស គឺជាកត្តាស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះទើបរាជរដ្ឋាភិបាលជំរុញការអប់រំ និង ការបណ្តុះបណ្តាលមូលធនមនុស្ស ដើម្បីបង្កើតមូលដ្ឋាន សង្គម-សេដ្ឋកិច្ច និង ឧស្សាហកម្ម ដែលផ្តោតលើជំនាញ និង ចំណេះដឹង ដើម្បីឈានឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីដាក់ឲ្យដំណើរការ សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត (DE MONTFORt) ដែលមានអាយុជាង១៥០ឆ្នាំ របស់ចក្រភពអង់គ្លេស នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្ដេចធិបតី បានមានប្រសាសន៍ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានកំណត់យកអទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ពោលគឺយកកត្តាមនុស្សជាអទិភាពខ្ពស់បំផុត។
សម្តេចធិបតី បានបន្ថែមថា ដើម្បីឈានទៅដល់គោលដៅនេះ ស្ថាប័នឧត្តមសិក្សាគឺជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលបើនិយាយជារួម ហើយស្ថាប័នសិក្សារបស់អង់គ្លេសក៏មានតម្លៃបន្ថែមជាពិសេសរបស់ខ្លួន ទាក់ទងទៅនឹងការចូលរួមចែករំលែកបទពិសោធន៍របស់អង់គ្លេស នៅក្នុងការកសាងសង្គមសេដ្ឋកិច្ច និងឧស្សាហកម្មជឿនលឿនដោយផ្នែកលើចំណេះដឹង និងជំនាញ បើនិយាយដោយឡែក។
សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យ ដឹ ម៉ុងហ្វត សហការឱ្យបានជិតស្និតជាមួយបណ្តាញធុរកិច្ចរបស់ចក្រភពអង់គ្លេស ដើម្បីជំរុញការផ្សារភ្ជាប់ការអប់រំជាមួយនឹងទីផ្សារការងារ និងសហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីទទួលបានការគាំទ្រផ្សេងៗទាក់ទងនឹងការបណ្តុះសហគ្រិនភាព ដើម្បីចូលរួមបង្កើតការងារជាក់ស្តែងនៅកម្ពុជា៕