រដ្ឋមន្ត្រី ឈាង រ៉ា អរគុណចំពោះការគាំទ្ររបស់ GAVI ក្នុងការប្តេជ្ញាបន្តគាំទ្រពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់កម្ពុជា
ភ្នំពេញ៖ នៅក្នុងអំឡុងពេលបំពេញបេសកកម្មចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Sania Nishatar នាយកប្រតិបត្តិអង្គការ Gavi នៅទីក្រុងវៀងចន្ទន៍ សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ GAVI ចំពោះការគាំទ្រជាបន្តបន្ទាប់ដល់កម្ពុជាចាប់តាំងពីឆ្នាំ២០០១មក។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនថា ការចាក់ថ្នាំបង្ការជាសេវាស្នូលនៃការថែទាំសុខភាពបឋម ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល និងជាវិធានការបង្ការដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីការពារអាយុជីវិតប្រជាជន ជាពិសេសរួមចំណែកដល់ការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។
ជាការឆ្លើយតប លោកស្រីនាយកប្រតិបត្តិ Gavi បានកោតសរសើរដល់កម្ពុជា ដែលសម្រេចបានស្ថានភាពគ្មានជំងឺស្វិតដៃជើងតាំងពីឆ្នាំ២០០០ និងការលុបបំបាត់តេតាណូសមាតា និងទារកតាំងពីឆ្នាំ២០១៥ និងការចាក់វ៉ាក់សាំងជាប្រចាំ នៅរក្សាអត្រាគ្របដណ្តប់បានកម្រិតខ្ពស់គួរឱ្យកោតសរសើរទោះជាក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយព្រមទាំងបញ្ចាក់ថា Gavi នឹងបន្តពង្រឹងពង្រីកការគាំទ្រកម្ពុជា កម្មវិធីចាក់ថ្នាំបង្ការនាពេលអនាគតជាបន្តទៀត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ GAVI ជាពិសេសលោកស្រីនាយកប្រតិបត្តិ ដែលបានប្តេជ្ញាបន្តគាំទ្រពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់កម្ពុជា តាមរយៈគម្រោង Gavi-FPP សម្រាប់រយៈពេល ៥ឆ្នាំ (២០២៣ ដល់ ២០២៧) បន្ថែមទៀត ដែលការគាំទ្រថ្មីនេះរបស់ GAVI ផ្តោតលើគ្រប់ទារក/កុមារ និងសហគមន៍ងាយរងគ្រោះ ដែលការគាំទ្រនេះ ជាសកម្មភាពអាទិភាពមួយ ក្នុងចំណោមអាទិភាពសុខាភិបាល ដែលបានលើកក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល បានដាក់គោលដៅធានានូវជីវិតមានសុខភាពល្អ និងលើកកម្ពស់សុខុមាលភាពសម្រាប់មនុស្សគ្រប់វ័យ។ ក្រសួងសុខាភិបាល នឹងបន្តកិច្ចខិតខំប្រឹងប្រែងពង្រឹងនិងពង្រីកសេវាផ្តល់ថ្នាំបង្ការដែលមានគុណភាពខ្ពស់ដល់គ្រប់សហគមន៍ រួមទាំងប្រជាជនដែលមានហានិភ័យខ្ពស់ ៕