គណៈកម្មការទី៦ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅខេត្តតាកែវ
ភ្នំពេញ៖ បន្ទាប់ពីចុះបំពេញបេសកកម្មនៅខេត្តកំពតរួចមក គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) ដឹកនាំដោយ ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានបន្តដំណើរទៅកាន់ខេត្តតាកែវ ដើម្បីសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅខេត្តតាកែវ។
នៅក្នុងដំណើរបំពេញបេសកកម្មនេះ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងស្នងការនគរបាល កងរាជអាវុធហត្ថ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចដែលទទួលខុសត្រូវរបស់គណៈកម្មការន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលត្រូវជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់។