ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនមួយ ដើម្បីសិក្សាឲ្យបានស៊ីជម្រៅ និងរៀបចំរចនាប្លង់មេនៃកីឡដ្ឋានប្រកបដោយស្តង់ដារ
កីឡា៖ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ និងក្រុមហ៊ុន FUXIN STEEL BUILDINGS CO,. LTD ចុះអនុស្សារណៈយោគយល់គ្នា ក្រោមអធិបតីភាពរបស់ ឯកឧត្ដម សុខ សប្បាយណា អនុប្រធានក្លិប តំណាងឲ្យ ឯកឧត្តមប្រធានក្លិប សុខ ពុទ្ធិវុធ និង លោក កាំង សេន នាយកប្រតិបត្តិនៃក្រុមហ៊ុន FUXIN STEEL BUILDINGS CO,. LTD ។
ពិធីចុះអនុស្សារណៈយោគយល់គ្នានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីអនុញ្ញាតឲ្យ ក្រុមហ៊ុន FUXIN STEEL BUILDINGS CO,. LTD អាចធ្វើការសិក្សាឲ្យបានស៊ីជម្រៅ និងរៀបចំរចនា ប្លង់មេនៃកីឡដ្ឋានគិរីវង់សុខសែនជ័យដោយប្រកបទៅដោយស្តង់ដារ សម្រាប់យុវជន និងបងប្អូនប្រជាជននៃខេត្ត តាកែវទាំងមូលដែលនេះជាជំហានមួយទៀតឆ្ពោះទៅមុខក្នុងការកែលម្អរ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ របស់ក្លិប។ លើសពីនេះទៅទៀត គឺជាការបង្ហាញនូវការប្តេជ្ញាខ្ពស់ក្នុងការបន្តដឹកនាំ និងអភិវឌ្ឍន៍នូវអ្វីដែលជា កេរ្តិ៍មរតក របស់ សម្តេចវិបុលបញ្ញា សុខ អាន ក្នុងនាមសម្តេច គឺជាស្ថាបនិកដ៏មានគុណូបការៈ ខ្ពង់ខ្ពស់ចំពោះក្លិប។
ដូចនេះសូមពុកម៉ែបងប្អូននៃទីរួមខេត្តតាកែវអ្នកគាំទ្រក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ទាំងអស់កុំភ្លេចចូលរួមគាំទ្រលើកទឹកចិត្តទៅដល់កីឡាករតាមរយៈការចូលរួមទស្សនានៅកីឡាដ្ឋានផ្ទាល់ ឬតាមការLiveផ្ទាល់ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងអភិវឌ្ឍក្លិបឲ្យកាន់តែមានភាព រីកចម្រើនទៅមុខបន្តទៀត៕