សម្ដេចធិបតី៖ ធនាគារចំនួន៨ នឹងផ្តល់ឥណទានជូនពលករ និងសិក្ខាកាម ត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥% ក្នុង១ឆ្នាំ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា ស្របតាមស្មារតីនៃអនុស្សារណៈយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយធនាគារជាដៃគូនេះ គឺធនាគារទាំង៨ នឹងផ្តល់ឥណទានជូនបងប្អូនពលករនិងសិក្ខាកាមដែលត្រូវការកម្ចីឥណទានត្រឹមអត្រា ៨.៥%ក្នុង១ឆ្នាំ ដែលអាចឱ្យបងប្អូនសន្សំបានជាមធ្យម ១០% នៃអត្រាការប្រាក់ក្នុង ១ឆ្នាំ។
ជាមួយគ្នានោះដែរសម្ដេចធិបតី បានអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំសម្របសម្រួលជាមួយធនាគារចំនួន ៨ ដើម្បីផ្តល់ឥណទានគាំទ្រដល់ពលករ និងសិក្ខាកាម ដែលត្រូវទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដ៏សមស្របជាមួយអត្រាការប្រាក់សមរម្យ និងមានលក្ខខណ្ឌឥណទានល្អប្រសើរ សម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។
សូមបញ្ជាក់ថា ធនាគារទាំង៨ នោះរួមមាន៖ ១- ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank Plc), ២- ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia រឺ WBC, ៣- ធនាគារប្រៃណីយ៍កម្ពុជាម.ក, ៤- ធនាគារកាណាឌីយ៉ា (Canadia Bank) ៥- ធនាគារ អេស៊ីលីដា (ACLEDA Bank) ៦- ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) ៧- ធនាគារ វឹង (ខេមបូឌា) ម.ក (Wing Bank) និង ៨- ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC) ៕