រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី លើកទី១០
ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី លើកទី១០ ដោយមានការចូលរួមពីរដ្ឋមន្ត្រីសុខាភិបាលប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសអាស៊ានបូកបីរួមមាន សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ក្រោមប្រធានបទ «ពង្រឹងសន្តិសុខសុខភាពអាស៊ាន តាមរយៈនវានុវត្តន៍ឌីជីថលដើម្បីការឆ្លើយតបគ្រោះអាសន្នសុខភាពឆ្លងព្រំដែនក្រោយការរាតត្បាតនៃជំងឺក្នុងបរិបទថ្មី» ដែលបានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានបូកបី លើកទី១០ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការសុខាភិបាលអាស៊ានបូកបី ការខិតខំប្រឹងប្រែងរួមគ្នាបង្កើនសមត្ថភាពទប់ស្កាត់ការស្រាវជ្រាវ ឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ ការគាំទ្រការបង្កើត និងប្រតិបត្តិការនៃមជ្ឈមណ្ឌលអាស៊ានក្នុងការឆ្លើយតបគ្រាអាសន្ន ទៅនឹងជំងឺឆ្លងដែលកំពុងកើតមាននៅក្នុងតំបន់អាស៊ាន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីសុខាភិបាលនៃកម្ពុជា បានផ្តល់ជាទស្សនទានដល់កិច្ចប្រជុំសុខាភិបាលអាស៊ានបូកបី ដោយជម្រាបជូនអំពីសារៈសំខាន់នៃការស្ថាបនាប្រព័ន្ធសុខាភិបាលដែលមានភាពធន់ទប់ស្កាត់ការកើតឡើងវិញនៃជំងឺឆ្លង ដែលជាគ្រោះអាសន្នសុខភាពសាធារណៈនាពេលអនាគត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបន្ថែមថា កិច្ចការនេះត្រូវផ្តោតលើការប្រើប្រាស់ព័ត៌មានវិទ្យា បច្ចេកវិទ្យាឌីជីថលយ៉ាងត្រឹមត្រូវ និងមានសុវត្ថិភាព ដែលគាំទ្រដោយមូលធនមនុស្សដែលមានជំនាញឌីជីថល ដោយគោលនយោបាយ និងបទបញ្ជាសាកសម ដើម្បីគ្រប់គ្រងគ្រោះអាសន្នសុខភាព និងសម្រេចបានកំណែទម្រង់ រក្សាវឌ្ឍនភាពទាំងក្នុងតំបន់ និងអន្តរជាតិ។
អង្គប្រជុំបានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិសុខសុខភាពអាស៊ានតាមរយៈការធ្វើនវានុវត្តឌីជីថលសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកសុខភាពឆ្លងព្រំដែនក្នុងបរិបទថ្មី ក្រោយជំងឺរាតត្បាតតាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារ និងការគ្រប់គ្រងជំងឺមិនឆ្លង ការគាំពារមនុស្សចាស់ការអភិវឌ្ឍធនធានមនុស្សសុខាភិបាល សុខភាពផ្លូវចិត្ត ការទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ គំនិតផ្តួចផ្តើមសុខភាពតែមួយ និងការគ្រប់គ្រងគ្រោះមហន្តរាយសុខភាព ការគ្របដណ្តប់សុខភាពជាសកល និងស្វែងរកវិសាលភាពថ្មីនៃកិច្ចសហប្រតិបត្តិការ រួមមានសុខាភិបាលឌីជីថល ការវិភាគទិន្នន័យសម្រាប់ការតាមដានជំងឺ សន្តិសុខអ៊ីនធឺណិតទាក់ទងនឹងសុខភាព និងការគ្រប់គ្រងទិន្នន័យសុខភាព ៕