មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពជាក់ស្តែងប្រតិបត្តិការបិទបើកទំនប់អាងទឹកតាសាល ក្នុងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និង ឯកឧត្តម ហូ សិទ្ធីវ័ន្ត អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពី លោក ហៀង ម៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស បានអញ្ជើញដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះពិនិត្យស្ថានភាពជាក់ស្តែងប្រតិបត្តិការបិទបើកទំនប់អាងទឹកតាសាលស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សូមជម្រាបថា ទំនប់អាងទឹកតាសាល ត្រូវបានសាងសង់ឡើងកាលពីឆ្នាំ២០១១-២០១៤ មានសមត្ថភាពស្តុកទឹកបានប្រមាណ ១៥០ លានម៉ែត្រគូប ដែលជាទំនប់អាងទឹកដ៏មានសក្តានុពលមួយ ដើរតួនាទីជួយកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោតផង រក្សាទឹកទុកបម្រើឱ្យវិស័យកសិកម្ម និងជួយប្រព័ន្ធអេកូឡូស៊ី ព្រមទាំងផ្តល់ទឹកសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមដងស្ទឹងព្រែកត្នោត។ ក្រៅពីតួនាទីដ៏មានសារសំខាន់ខាងលើ ទំនប់អាងទឹកតាសាល ក៏បានក្លាយជារមណីយដ្ឋានធម្មជាតិដ៏ពេញនិយមមួយនាពេលបច្ចុប្បន្នផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម អឿង ចន្ថា ក៏បានផ្តល់អនុសាសន៍ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដានការព្យាករពីស្ថានភាពធាតុអាកាស ការគ្រប់គ្រងកម្ពស់ទឹកឱ្យបានសមស្របនៅក្នុងស្ទឹងផ្នែកខាងលើនិងខាងក្រោម ការគ្រប់គ្រងទ្វារទឹកនៅក្នុងការប្រតិបត្តិការបិទបើកទឹក ដើម្បីពង្រឹងការគ្រប់គ្រងទឹកជំនន់ និងកាត់បន្ថយហានិភ័យ និងផលប៉ះពាល់ពីគ្រោះទឹកជំនន់ដល់ផ្នែកខាងក្រោមក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល៕