ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការចុះជួយសាលាគោលដៅក្នុងការអនុវត្តស្តង់ដាសាលារៀនគំរូ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពី ការចុះជួយសាលាគោលដៅក្នុងការអនុវត្តស្តង់ដាសាលារៀនគំរូ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី មន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សរុបចំនួនប្រមាណ ១៤០នាក់។
កិច្ចប្រជុំនេះផ្ដោតពិភាក្សាលើប្រធានបទសំខាន់មួយចំនួន ដូចជា៖ វឌ្ឍនភាពនៃការរៀបចំសកម្មភាពគាំទ្រស្តង់ដាសាលារៀនគំរូ (២).ឥណទានថវិកាសម្រាប់អនុវត្តសកម្មភាពគាំទ្រស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៤ (៣). អង្គភាពស្នួល និងអង្គភាពគាំទ្រស្តង់ដាសាលារៀនគំរូ (៤). ការពង្រឹងយន្តការនៃការតម្រង់ទិសសាលាគោលដៅ រួមមាន ការរៀបចំកែសម្រួលនូវផែនការ ក៏ដូចជាក្រុមការងារជំនាញចុះជួយគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ គោលការណ៍ប្រតិបត្តិ និងយន្តការវាយតម្លៃ។
ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ អគ្គលេខាធិការដ្ឋានបាននិងកំពុងសម្របសម្រួលទាំងផ្នែកសកម្មភាព និងផ្នែកថវិកា ដើម្បីឈានទៅសម្រេចបានការជ្រើសរើសសាលារៀនគំរូ ដែលក្រសួងអប់រំ យុវជន និង កីឡា បានកំណត់គោលដៅចំនួន ២៥០សាលា ក្នុងឆ្នាំ២០២៤នេះ។
ដើម្បីជំរុញប្រសិទ្ធភាពនៃការចុះជួយគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួនដូចជា៖
– ត្រូវពង្រឹងការរៀបចំកម្រងព័ត៌មានសាលារៀន (School Profile) និងផែនទីសាលារៀន (School Mapping)
– ត្រូវផ្តោតលើការជំរុញលទ្ធផលសិក្សាសិស្សដែលជាសូចនាករសំខាន់ក្នុងស្តង់ដាសាលាគំរូ និង បង្ហាញឱ្យឃើញពីប្រសិទ្ធភាពការអនុវត្តកម្មវិធីសិក្សា ដូចជាការអនុវត្តកម្មវិធីកុមារតូច ការអនុវត្តកញ្ចប់អំណានដំបូង គណិតវិជ្ជាដំបូងសម្រាប់បឋមសិក្សា និងសម្រាប់មធ្យមសិក្សា មើលលើការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មីជាដើម ក៏ដូចជាត្រូវបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តសូចនាករនៃស្តង់ដាផ្សេងទៀតថាបានល្អកម្រិតណាហើយ និងត្រូវមានប្រព័ន្ធពិនិត្យតាមដានជាប្រចាំ។
– សម្រាប់ឆ្នាំ២០២៤ សូមបែងចែកការទទួលខុសត្រូវតាមភូមិសិក្សា និងត្រូវរៀបចំផែនការសកម្មភាពចុះជួយគាំទ្រដោយគិតលើរយៈពេលមធ្យម និងរយៈពេលវែង ជាពិសេសត្រូវជំរុញប្រសិទ្ធភាពក្នុងការរៀបចំផែនការបណ្តុះបណ្តាលអ្នកឯកទេសដោយផ្តោតលើអាទិភាព និងការរៀបចំផែនការពាក់ព័ន្ធនឹងការពង្រាយគ្រូ។
– ចំពោះសាលាដែលមិនទាន់សម្រេចបានស្តង់ដាសាលាគំរូ ក្រុមការងារជំនាញត្រូវដឹងថាបានអនុវត្តស្តងដាដល់កម្រិតណាហើយ និងត្រូវគាំទ្របន្ថែមលើចំណុចអ្វីខ្លះ ជាពិសេសជាគន្លឹះ សូមឱ្យមានការវិភាគឫសគល់នៃបញ្ហា ដើម្បីឆ្លើយតបឱ្យចំគោលដៅ។
– គ្រប់គម្រោងអប់រំទាំងអស់ សូមឱ្យមានប្រព័ន្ធរួមតែមួយដើម្បីវាយតម្លៃ និងត្រូវមានរបាយការណ៍គ្រប់គ្រងចំណាយ ក៏ដូចជាសកម្មភាពការងារដែលសម្រេចបានជាប្រចាំ ដើម្បីដឹងឱ្យច្បាស់ថាលទ្ធផលការងារឆ្លើយតបនឹងការវិនិយោគកម្រិតណា។
-ត្រូវបន្តពង្រឹងការរៀបចំគ្រូបង្គោលនៅតាមសាលា , ការធ្វើស្វ័យវាយតម្លៃ, ការរៀបចំព្រឹត្តិប័ណ្ណសាលារៀន, ការធ្វើតេស្តស្តង់ដាទៅតាមកាលកំណត់, ការបង្រៀនបន្ថែមម៉ោង , ការរៀបចំផែនការសាលារៀន , ផែនការរៀនរបស់សិស្ស និងផែនការបង្រៀនរបស់គ្រូ , ការគ្រប់គ្រងបុគ្គលិក, ការបង្កើតភាពជាដៃគូរវាងសាលារៀន និងសហគមន៍ , ការគ្រប់គ្រងហិរញ្ញវត្ថុសាលារៀន ,ការអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ,ការធ្វើឱ្យប្រសើរដល់សុខភាពសិក្សា, ការលើកកម្ពស់បរិស្ថានសិក្សា និងការគ្រប់គ្រងទិន្នន័យអប់រំសាលារៀន។
គួរបញ្ជាក់ដែរថា វឌ្ឍនភាពសំខាន់ៗនៃការរៀបចំសកម្មភាពគាំទ្រស្តង់ដាសាលារៀនគំរូកន្លងមក រួមមាន ៖ ការរៀបចំយន្តការ និងការជ្រើសរើសអង្គភាពគាំទ្រស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៤ កិច្ចពិភាក្សាលើយន្តការចុះគាំទ្រសាលារៀនគំរូ និងបញ្ជីសកម្មភាពឆ្នាំ២០២៤ របស់អង្គភាពគាំទ្រ សិក្ខាសាលាតម្រង់ទិស ស្តីពី ការអនុវត្តយន្តការគាំទ្រស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៤ ការប្រជុំណែនាំអំពីរបៀបនៃការគ្រោងចំណាយក្នុងការអនុវត្តសកម្មភាពរបស់អង្គភាព និងការប្រជុំណែនាំ អំពី នីតិវិធីនៃការស្នើសុំថវិកា ការអនុវត្តថវិកា និងការទូទាត់ថវិកា សម្រាប់អនុវត្តសកម្មភាពគាំទ្រស្តង់ដាសាលារៀនគំរូ ឆ្នាំ២០២៤៕