ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន
ភ្នំពេញ៖ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃ គ.វ.រ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន វិស័យរដ្ឋបាលទូទៅ វិស័យសន្តិសុខនិងសណ្តាប់ធ្នាប់ សាធារណៈវិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ច នៅសាលប្រជុំក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំមន្រ្តីរាជការ និងតំណាងទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងក្រុមការងារពាក់ព័ន្ធ ជាច្រើនរូប។
អង្គប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖ ១)ពិនិត្យរបាយការណ៍ក្រុមការងារបច្ចេកទេស ២)ពិនិត្យវឌ្ឍនភាពការងារ ៣)ពិនិត្យបញ្ហាប្រឈមនឹងសំណើរផ្សេងៗរបស់ក្រុមការងារ និង ៤)ផ្សេងៗ។
បន្ទាប់ពីអង្គប្រជុំបានពិនិត្យពិភាក្សាពីរបៀបវារៈខាងលើរួចមក អង្គប្រជុំបានសម្រេចលទ្ធផលរួមមាន៖ ១)ស្នើសុំឱ្យពិនិត្យរបាយការណ៍ក្រសួង ស្ថាប័ន ឱ្យបានលម្អិតបំផុត និងកំណត់បញ្ហារបស់ក្រសួង ស្ថាប័ន ដើម្បីឱ្យការងារមានប្រសិទ្ធភាព ២)ក្រសួងមុខងារសាធារណៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុ ចូលរួមសហការគ្នាដើម្បីកំណត់អង្គភាពបដិវត្តន៍កម្មលើវិស័យណាមួយ ៣)គ្រោងរៀបចំកម្មវិធីជំនួបរវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាមួយនឹងក្រសួង ស្ថាប័ននានា ៤)ស្នើសុំឱ្យអគ្គនាយកដ្ឋានឌីជីថល ផ្តល់នូវទិន្នន័យចូលនិវត្តន៍របស់មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ដល់ទៅក្រុមការងារជំនាញ ៥)ស្នើសុំឱ្យអគ្គលេខាធិការដ្ឋាននៃក្រសួងមុខងារសាធារណៈ រៀបចំឯកសារទស្សនទាននៃការបង្កើតបណ្តាញអគ្គនាយកដ្ឋាន៕