ប្រធានក្រុមការងារចុះជួយស្រុកតាំងគោក ណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ សហការគ្នាក្នុងការត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ និងដំណាំស្រូវ ក្នុងករណីគ្រោះទឹកជំនន់កើតឡើង
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ថោង ខុន ប្រធានក្រុមការងារចុះជួយស្រុកតាំងគោក បានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ សហការគ្នាក្នុងការត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ និងដំណាំស្រូវ ក្នុងករណីគ្រោះទឹកជំនន់កើតឡើង។
ឯកឧត្ដមបណ្ឌិត ថោង ខុន ណែនាំបែបនេះនាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ក្នុងពេលអញ្ជើញបើកកិច្ចប្រជុំជីវភាពប្រចាំខែជាមួយគណបក្សស្រុកតាំងគោក និងគណបក្សឃុំទាំង៨ ដោយបានលើកយកការងារមួយចំនួនមកពិភាក្សា និងជំរុញការអនុវត្តបន្ថែម សំដៅធ្វើយ៉ាងជួយសម្រួលដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងនោះការផ្តល់សេវា សាធារណៈត្រូវតែមានការយកទុកដាក់បន្ថែមទៀត។
ឯកឧត្ដមប្រធានក្រុមការងារចុះជួយស្រុកតាំងគោក បានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ រួមសហការគ្នាជាមួយគណបក្សស្រុក និងគណបក្សឃុំ និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ខិតខំប្រឹងប្រែងដោះស្រាយនូវរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេសការសំណូមពររបស់ប្រជាពលនៅមូលដ្ឋាន ដោយមិនត្រូវសន្យាជាមួយប្រជាពលរដ្ឋ ហើយទុកចោលនោះឡើយ។ ក្នុងនោះបញ្ហាផ្លូវនៅតាមមូលដ្ឋានក៏ត្រូវតែជួយគិតគូរសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលទៅលក់ដូរជាដើម, ដោយឡែកចំពោះការផ្តល់សេវាសាធារណៈ ក៏ត្រូវតែបន្តពង្រឹង ឱ្យកាន់តែល្អបន្ថែមទៀត។
ឯកឧត្ដមបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ សហការគ្នាក្នុងការចុះពិនិត្យស្ថានភាពទឹកជំនន់ និងដំណាំស្រូវរបស់ប្រជាពលរដ្ឋ, ការត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ និងដំណាំស្រូវ ក្នុងករណីគ្រោះទឹកជំនន់កើតឡើង ជាមួយគ្នានោះការទប់ទឹកដើម្បីរក្សាទឹកទុកប្រើពេលរាំងស្ងួតក៏ត្រូវគិតគូរ, ក្នុងនោះក៏ត្រូវពិនិត្យ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់ ប្រជាពលរដ្ឋមូលដ្ឋាន៕