ឯកឧត្ដម សួស ប្រាថ្នា បង្ហាញតួនាទី និងភារកិច្ចសំខាន់ៗ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ តាមរយៈកិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកបង្ហាញពីតួនាទី និងភារកិច្ចសំខាន់ៗ របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ។
ជាកិច្ចចាប់ផ្ដើម តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយក-ដ្ឋានរដ្ឋបាលទាំងអស់ ឯកឧត្ដម សក់ សេដ្ឋា បានសម្តែងនូវគារវកិច្ចថ្លែងអំណរគុណចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលឯកឧត្តមបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជារាស្រ្តប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសព្វ ក្នុងការគ្រប់គ្រងដឹកនាំកងកម្លាំងនគរបាលជាតិ មន្រ្តីពន្ធនាគារ មន្រ្តីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការចូលរួមអនុវត្តនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការលើកកម្ពស់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេស ឯកឧត្តម តែងតែផ្តល់នូវអនុសាសន៍ណែនាំ តម្រង់ទិសដល់អគ្គនាយកដ្ឋានរដ្ឋបាលក្នុងការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកវិបុលភាព និងការអភិវឌ្ឍ រីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។
ឯកឧត្ដម សួស ប្រាថ្នា បានមានប្រសាសន៍ថា ក្នុងនាមជាសេនាធិការជូនក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាល មានភារកិច្ចស្នូលលើការងារគ្រប់គ្រងដឹកនាំរដ្ឋបាលដែនដីនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ បេសកកម្មសំខាន់ៗរបស់អគ្គនាយក-ដ្ឋានរដ្ឋបាល រួមមាន៖
-ធានានូវការអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-សិក្សា និងលើកយោបល់ក្នុងការរៀបចំរចនាសម្ព័ន្ធ ប្រព័ន្ធ និងគោលការណ៍សម្រាប់គ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមច្បាប់និងលិខិតបទដ្ឋាននានា
-រៀបចំប្រព័ន្ធគាំទ្រនិងសម្របសម្រួលលើការបំពេញការអនុវត្តតួនាទីនិងភារកិច្ចរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ
-ពិនិត្យ និងលើកយោបល់ពាក់ព័ន្ធនឹងការគ្រប់គ្រង និងការចាត់ចែងមន្រ្តីរាជការស៊ីវិលរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
-រៀបចំបែបបទទទួលស្គាល់និងផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-រៀបចំប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តតួនាទីនិងភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
-សហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំផ្ទេរមុខងារនិងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
-រៀបចំប្រព័ន្ធនិងនីតិវិធីសម្រាប់សម្របសម្រួលនិងដោះស្រាយវិវាទរដ្ឋបាលដែលពាក់ព័ន្ធ នឹងរដ្ឋបាលថ្នាក់ក្រោមជាតិ
-សហការ និងសម្របសម្រួលសម្រាប់ធ្វើការដោះស្រាយសំណើ សំណូមពរ និងវិវាទនៅមូលដ្ឋាន
-គ្រប់គ្រងសកម្មភាពការងាររបស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនជាមួយប្រទេសជិតខាង
-សម្របសម្រួលនិងគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំនិងការអនុវត្តគម្រោងនានាសម្រាប់លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន
-សហការជាមួយក្រសួង ស្ថាប័ន ដើម្បីរៀបចំគោលយោបាយអភិវឌ្ឍន៍ទីក្រុងនិងប្រជុំជន
-ពិនិត្យនិងលើកយោបល់ពាក់ព័ន្ធនឹងការបង្កើត ការលុបចោលនូវភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងខេត្ត ការកែសម្រួលព្រំប្រទល់រដ្ឋបាល និងការកំណត់ឈ្មោះរដ្ឋបាលថ្នាក់ក្រោមជាតិ
-ពិនិត្យនិងលើកយោបល់លើសំណើសុំបង្កើតនិងចុះបញ្ជីគណបក្សនយោបាយ និងសំណើសុំចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ស្របទៅតាមច្បាប់និងលិខិតបទដ្ឋានពាក់ព័ន្ធ
-សហការរៀបចំប្រព័ន្ធអភិវឌ្ឍធនធានមនុស្ស ផែនការបណ្តុះបណ្តាល និងកសាងសមត្ថភាព សម្រាប់មន្ត្រីរាជការស៊ីវិលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
ឯកឧត្ដម សួស ប្រាថ្នា គូសបញ្ជាក់ថា ក្រៅពីតួនាទី ភារកិច្ចសំខាន់ៗខាងលើ អគ្គនាយកដ្ឋានរដ្ឋបាល ក៏មានតួនាទីនិងភារកិច្ចចាំបាច់មួយចំនួនទៀត ដោយសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ក្នុងការចូលរួមរៀបចំ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការគ្រប់គ្រង និងអនុវត្តគម្រោង កម្មវិធីនានាដើម្បីគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដូចខាងក្រោម ៖
-សហការនិងសម្របសម្រួលរៀបចំនិងអនុវត្តគម្រោងឬសកម្មភាពសេវាសង្គមក្នុងការអនុវត្តគោលនយោបាយគាំពារសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
-សហការនិងសម្របសម្រួលក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
-សហការនិងសម្របសម្រួលការរៀបចំនិងអនុវត្តគម្រោងសេវាសង្គមជាមួយនឹងដៃគូ អភិវឌ្ឍន៍ ដូចជា៖ ធនាគារ World Bank, ធនាគារADB, អង្គការUNICEF, អង្គការGIZ, អង្គការplan, អង្គការCDRI និងអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយភាពក្រីក្រតាមរយៈការគាំពារគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ៕