ឯកឧត្ដម សួស ប្រាថ្នា៖ មន្រ្តីរាជការស៊ីវិលបម្រើការងារ នៅអគ្គនាយកដ្ឋានរដ្ឋបាលមានចំនួន ២៩៤នាក់ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ២២.៧៧៥នាក់
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា មន្រ្តីរាជការស៊ីវិលដែលបម្រើការងារនៅអគ្គនាយកដ្ឋានរដ្ឋបាលមានចំនួនសរុប ២៩៤នាក់ ស្រី៨៤នាក់ ចំណែកមន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួនសរុប ២២.៧៧៥នាក់ ស្រី៧.៩៩៥នាក់ ក្នុងនោះមន្ត្រីរាជការស៊ីវិលនៅថ្នាក់រាជធានី ខេត្តមានចំនួន៣.២៤៦នាក់ មន្ត្រីរាជការ ស៊ីវិលនៅថ្នាក់ក្រុង ស្រុក ខណ្ឌមានចំនួន១៧.៥២៩នាក់ និងស្មៀនឃុំ សង្កាត់មានចំនួន១.៦៥២នាក់។
ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា បានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤នេះ អគ្គនាយកដ្ឋានរដ្ឋបាលបានពិនិត្យ និងលើកយោបល់ពាក់ព័ន្ធនឹងការងារបុគ្គលិកមន្រ្តីរាជការស៊ីវិលថ្នាក់ក្រោមជាតិស្ថិតក្រោមសមត្ថកិច្ច ក្រសួងមហាផ្ទៃសម្រេចបានលទ្ធផល ដូចខាងក្រោម៖
-បានផ្ទេរភារកិច្ច និងតែងតាំងអភិបាល នៃគណៈអភិបាលខេត្តចំនួន៨ រួមមាន៖ ខេត្តកណ្ដាល តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពង់ធំ ឧត្តរមានជ័យ ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ ដែលបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងរួចរាល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
-បានផ្ទេរភារកិច្ច និងតែងតាំងអភិបាលរងរាជធានី ខេត្ត ចំនួន២៦នាក់
-បានផ្ទេរភារកិច្ច និងតែងតាំងអភិបាល អភិបាលរងស្រុក ចំនួន១៥នាក់ (អភិបាលស្រុក ៦នាក់ និងអភិបាលរងស្រុក ៩នាក់)
-បានតែងតាំងនិងបញ្ចប់ភារកិច្ចនាយករដ្ឋបាលសាលាក្រុង ស្រុក ចំនួន២នាក់ (តែងតាំង ១នាក់ និងបញ្ចប់ភារកិច្ច ១នាក់)
-បានតែងតាំង ផ្ទេរភារកិច្ច និងលុបឈ្មោះស្មៀនឃុំ សង្កាត់ ចំនួន៥៤នាក់ (តែងតាំង ២០នាក់ ផ្ទេរភាកិច្ច ៣៣នាក់ និងលុបឈ្មោះ ១នាក់) ៕