ឯកឧត្ដម សួស ប្រាថ្នា លើកពីវឌ្ឍនភាពសំខាន់ៗ ពាក់ព័ន្ធការរៀបចំ និងពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអគ្គនាយកដ្ឋានរដ្ឋបាល កំពុងអនុវត្ត
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញផ្ដល់កិច្ចសម្ភាសន៍ ស្ដីពី «វឌ្ឍនភាពការងាររបស់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ» នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងពី វឌ្ឍនភាពសំខាន់ៗពាក់ព័ន្ធនឹងការរៀបចំ និងពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលអគ្គនាយកដ្ឋានរដ្ឋបាល បាននិងកំពុងអនុវត្ត ។
ឯកឧត្ដម សួស ប្រាថ្នា បានបញ្ជាក់ថា កិច្ចការសំខាន់ដែលអគ្គនាយកដ្ឋានរដ្ឋបាល បាននិងកំពុងអនុវត្ត រួមមានដូចខាងក្រោម៖
-បានសិក្សារៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើត ការលុបចោល ការបង្រួម ការបំបែក និងការកែសម្រួលព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ
-បានសិក្សារៀបចំសេចក្ដីព្រាងសេចក្ដីណែនាំស្ដីពីគោលការណ៍និងនីតិវិធីនៃការតែងតាំងអភិបាល អភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
-បានសិក្សារៀបចំសេចក្តីព្រាងប្រកាសស្ដីពីការកែសម្រួលទីចាត់ការចំណុះរចនាសម្ព័ន្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ
-បានសិក្សារៀបចំសេចក្តីព្រាងប្រកាសស្ដីពីការកែសម្រួលទីចាត់ការចំណុះរចនាសម្ព័ន្ធរបស់រដ្ឋបាលខេត្ត
-បានរៀបចំសេចក្តីព្រាងសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត
-បានសិក្សារៀបចំសេចក្តីណែនាំស្តីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃកិច្ចការ រដ្ឋបាលថ្នាក់ក្រោមជាតិ
-បានសិក្សារៀបចំសេចក្តីណែនាំស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យនៃការអនុវត្តគម្រោងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៕