ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជន ដែលប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា នៅសាលាភូមិន្ទរដ្ឋបាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ដើម្បីពិនិត្យការចាប់ផ្ដើមកំណែសន្លឹកកិច្ចការ និងជាសាក្សីនៃកំណែសន្លឹកកិច្ចការបេក្ខជន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន នៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) នៅសាលាភូមិន្ទរដ្ឋបាល។
សូមបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា រយៈពេល ១ថ្ងៃពេញ ដែលមានបេក្ខជន ៤,៣២១នាក់ ត្រូវបានបែងចែកជា ២មណ្ឌល បានបញ្ចប់ទៅដោយរលូន ហើយសន្លឹកកិច្ចការរបស់បេក្ខជនចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូនៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ ទាំង ២វគ្គ ត្រូវបានរៀបចំវេចខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង៕