កងកម្លាំងនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង សារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ កងកម្លាំងនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍-DTA ដល់ជនរួមជាតិទាំងអស់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។
សារសំឡេងនេះដែរ សម្តេចតេជោប្រធានព្រឹទ្ធសភា បានធ្វើការពន្យល់ដោយផ្ទាល់ ក្នុងក្រុមរបស់យុវជនមួយចំនួន ដែលកំពុងបំផុសចលនាប្រឆាំងនឹងការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍-DTA និងជំរុញឱ្យមានចលនាចេញមកធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងឱកាសនេះដែរ កងកម្លាំងនគរបាលជាតិ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ សូមធ្វើការប្រឆាំងដាច់ខាត នូវការប៉ុនប៉ងប្រមូលផ្តុំធ្វើបាតុកម្មហិង្សា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធ យើងខ្ញុំទាំងអស់សូមធ្វើការប្តេជ្ញាការពារឲ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ៕