រដ្ឋបាលជលផល ចុះបង្រ្កាបបទល្មើសនេសាទស្បៃមុងនៅខេត្តកណ្តាល និងដុតបំផ្លាញចោលស្បៃមុងជាង ២ពាន់ម៉ែត្រ
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា មន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលចតុមុខបានសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុកពញាឮ ចុះបង្រ្កាបបទល្មើសនេសាទដុតបំផ្លាញចោលស្បៃមុងជាង ២ពាន់ម៉ែត្រនាពេលថ្មីៗនេះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ប្រតិបត្តិការនោះស្ថិតនៅក្នុងភូមិព្រែកតាទែន ឃុំព្រែកតាទែន និងភូមិកំពង់ក្រសាំង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងការចុះបង្រ្កាបបទល្មើសនេសាទកាលពីថ្ងៃទី១១នោះ បានប្រើប្រាស់កម្លាំងសរុបចំនួន៥៥នាក់ និងមធ្យោបាយកាណូត ចំនួន៥គ្រឿង ដោយបង្រ្កាបបាននូវបទល្មើសនេសាទលូស្បៃមុងសរុប៤៥មាត់ របាំងស្បៃមុង២ ៣០០ម៉ែត្រ បង្គោលចម្រឹង ៤៧០ដើម និងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម។ ប្រភពដដែលបង្ហាញថា ក្រោយការបង្រ្កាបឧបករណ៍ខុសច្បាប់ទាំងនោះត្រូវដុតបំផ្លាញចោល។ ចំណែកកូនត្រីចម្រុះត្រូវបានចាក់លែងចូលក្នុងដែនធម្មជាតិវិញ។
សូមរំឭកថា ក្នុងឆ្នាំ២០២៣ រដ្ឋបាលជលផលបំផ្លាញចោលវត្ថុតាង ២ ៨៤៩ករណី ក្នុងនោះមានរបាំងស្បៃមុង និងសាច់អួនប្រវែង១ ៣០០ ៥៣៦ម៉ែត្រ លបលូស្បៃមុង និងលូសាច់អួន ១៨ ៣៧៦មាត់ បង្គោលឬចម្រឹង ៥៤៩ ៧៨៦ដើម អួនអូសទឹកសាបរួមផ្សំឆក់ត្រជាក់១៣វង់ ឈិបយន្ត១៨គ្រឿង អួនហ៊ឹម១៧វង់ ឧបករណ៍ឆក់ត្រី ៥១៥គ្រឿង ប្រើសាច់អួនត្រងចាប់ត្រីរួមផ្សំភ្លើង (ឈ្លក់)១១១វង់ សម្រាស់ទំហំ ៦២ ៣៩៨ម៉ែត្រក្រឡា មងរាយនិងមងស្អាតប្រវែង១៩៩ ៦២៧ម៉ែត្រ និងលបកែច្នៃឬលបកន្ទុយកណ្តុរ ៩ ១៥៨គ្រឿងផងដែរ៕