ទ័ពជើងគោកកម្ពុជា-អាមេរិក ប្ដេជ្ញារួមគ្នាបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឲ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ CHARLES A. FLYNN មេបញ្ជាការកងទ័ពជើងគោកអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក បានឯកភាពរួមគ្នា ពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ ។
នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមសិក្ខាសាលាគ្រប់គ្រងកងទ័ពជើងគោក នៃប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ CHARLES A. FLYNN ។
ក្នុងជំនួបនោះនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និង ឯកឧត្តម នាយឧត្តមសេនីយ៍ CHARLES A. FLYNN បានធ្វើវាយតម្លៃខ្ពស់ចំពោះចំណងការទូត និងលទ្ធផលកិច្ចសហប្រតិបត្តិការរទ្វេភាគីរវាង កម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក និងបានផ្តល់តម្លៃអំពីសារៈសំខាន់ នៃការជួបសន្ទនាគ្នាដោយផ្ទាល់ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ។
សមភាគីទាំងពីរ បានឯកភាពរួមគ្នា ពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបតិ្តការឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ ដោយផ្តោតលើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ការពង្រឹងសមត្ថភាពទ័ព ការហ្វឹកហ្វឺន និងសកម្មភាពរួមគ្នា ការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធការងារបោសសម្អាតមីន និងសង្រ្គោះគ្រោះមហន្តរាយ ព្រមទាំងការរៀបចំឲ្យមានកិច្ចសន្ទនាក្រុមការងារកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកអាមេរិក ប្រចាំប៉ាស៊ីហ្វិក (ARMY TO ARMY TALK)។
ក្នុងជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានអញ្ជើញ ឯកឧត្តម នាយឧត្តមសេនីយ៍ CHARLES A. FLYNN និងលោកជំទាវ ព្រមទាំងប្រតិភូ ទៅទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របខាងមុខ ដើម្បីកសាងទំនុកចិត្តនិងការជឿជាក់ និងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងការពារជាតិប្រទេសទាំងពីរ។
គូសបញ្ជាក់ផងដែរថា ជំនួបពិភាក្សាការងារទ្វេភាគីនេះគឺស្របតាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ ឯកឧត្តម LOYD AUSTIN រដ្ឋមន្រ្តីការពារជាតិអាមេរិក មកកាន់កម្ពុជា និងជាជំនួបទី១ក្នុងរយៈពេល ០៥ឆ្នាំ ដែលជំនួបចុងក្រោយគឺនៅឆ្នាំ២០១៩ រវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អតីតមេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម នាយឧត្តមសេនីយ៍ ROBERT B. BROWN អតីតមេបញ្ជាការកងទ័ពជើងគោកអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក ៕