ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំក្រុមការងារចុះទស្សនកិច្ច វិទ្យាល័យ លំផាត់ ខេត្តរតនគិរី
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះទស្សនកិច្ចនៅ វិទ្យាល័យ លំផាត់ ខេត្តរតនគិរី ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង មន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដី។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងរយៈពេលកន្លងមក ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់សិស្សានុសិស្ស ជាពិសេស សម្រេចបាននូវលទ្ធផលសិក្សាល្អប្រសើរ ដោយអត្រាសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ៨៨,៨៨% ខ្ពស់ជាងចំនួនអត្រាថ្នាក់ជាតិដែលបានកំណត់។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយគ្រូបង្រៀន ដែលក្រសួងអប់រំបាន និងកំពុងអនុវត្ត ដោយបានដំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀន ក៏ដូចជាពង្រឹងនូវការប្រឡងចូលគ្រូ ដើម្បីបង្កើនគុណវុឌ្ឈិគ្រូបង្រៀន ឆ្លើយតបនឹងស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន គាំទ្រនិងទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកកម្ពស់តួនាទី និងកិត្តិយសគ្រូបង្រៀនជាដើម។
ជាការឆ្លើយតបទៅនឹងសំណើ ក៏ដូចជាបញ្ហាប្រឈមរបស់សាលារៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចាត់មន្ត្រីជំនាញឱ្យរៀបចំ និងដាក់អាទិភាពគាំទ្រដល់សាលាឱ្យចំគោលនៅ និងទាន់ពេលវេលា ក៏ដូចជាគាំទ្រដល់ការប្តេជ្ញាចិត្តរបស់សាលាក្នុងការបន្តអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ព្រមទាំងបានលើកឡើងនូវគោលគំនិតនៃការរៀបចំជាគោលនយោបាយ ដូចជាការផ្តល់អាហារូបករណ៍ផ្សេងៗ ដើម្បជួយគាំទ្របន្ថែមដល់សិស្សានុសិស្សដែលមកពីទីកន្លែងឆ្ងាយ និងសិស្សានុសិស្សដែលជាជនជាតិដើមភាគតិច។
គួរបញ្ជាក់ដែរថា ខេត្តចំនួន៤ គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ក្រសួងបានផ្តល់ជូននូវការអប់រំពហុភាសា ដើម្បីធានាយ៉ាងណាឱ្យជនជាតិដើមភាគតិច អាចទទួលបានការអប់រំដែលមានគុណភាព ក៏ដូចជាពង្រីកសេវាអប់រំពហុភាសាប្រកបដោយសមធម៌ បរិយាបន្ន និងមាននិរន្តរភាពដល់ជនជាតិដើមភាគតិច ដោយផ្សារភ្ជាប់នឹងភាសាកំណើត វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិដើមភាគតិច និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិច ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ភាគីពាក់ព័ន្ធ៕