ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងទទួលយកនូវអនុសាសន៍ណែនាំតម្រង់ទិស
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ Erasmus+ (សាធារណរដ្ឋបារាំង) និងអាហារូបករណ៍ AFD-EDC-EU-Idex, GS@UGA (សាធារណរដ្ឋបារាំង) សរុបចំនួន ១៦រូប (ស្រី ១រូប) ដើម្បីចូលជួបសម្តែងការគួរសម និងទទួលយកនូវអនុសាសន៍ណែនាំតម្រង់ទិស នៅទីស្តីការក្រសួងមុខងារសាធារណៈ។
នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងសរសើរ និងអបអរសាទរដល់និស្សិតកម្ពុជាដែលបានទទួលជ័យលាភីអាហារូបករណ៍ទៅសិក្សានៅសាធារណរដ្ឋបារាំង និងបានចែករំលែកនូវបទពិសោធ ក៏ដូចជាទស្សនៈមួយចំនួន ជុំវិញស្ថានភាព និងបរិបទដែលកំពុងកើតមានក្នុងប្រទេស ជូនដល់ក្រុមនិស្សិត។ ផ្តើមពីការតម្រង់ទិសឱ្យប្អូនៗ និស្សិតសិក្សាឈ្វេងយល់ពីសាវតា និងដំណើរនៃប្រវត្តិសាស្ត្រដែលកម្ពុជា បានឆ្លងកាត់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់លើគុណតម្លៃនៃសន្តិភាព និងការចេះឱ្យតម្លៃលើអ្វីដែលកម្ពុជាយើងបានខិតខំប្រឹងប្រែងមកដល់ពេលនេះ ហើយនឹងកំពុងរួមគ្នាបន្តខិតខំប្រឹងប្រែងទ្វេដងដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងជាសំណួរគោលមួយចំនួន ដើម្បីបើកលំហក្នុងការត្រិះរិះពិចារណាក្នុងនាមនិស្សិតផ្ទាល់រៀងៗខ្លួនង ដែលជាធនធានពោរពេញដោយសមត្ថភាពរបស់កម្ពុជា ពាក់ព័ន្ធនឹងប្រធានបទ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA។ សូមជូនពរដល់ប្រតិភូនិស្សិតកម្ពុជាទាំងអស់ ទទួលបានជោគជ័យលើការសិក្សា ជួបតែសុខសុវត្ថិភាព ហើយវិលត្រឡប់មកមាតុភូមិវិញ ជាមួយចំណេះ ជំនាញ ដើម្បីរួមគ្នាជាកម្លាំងតែមួយ ក្នុងទិសដៅតែមួយ ដើម្បីសង្គមជាតិ ដើម្បីកម្ពុជា ៕