អភិបាលខេត្តព្រះវិហារ ដាក់បទបញ្ជាដល់កងកម្លាំងទាំង៣ អនុវត្តបទបញ្ជារបស់សម្តេចតេជោ និងសម្តេចធិបតី ទប់ស្កាត់ពលរដ្ឋ កុំឲ្យចាញ់បោកក្រុមជនក្បត់ជាតិ ចូលរួមធ្វើបាតុកម្ម
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងដាក់បទបញ្ជាដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ តាមបន្ទាត់ព្រំដែន និងអាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តព្រះវិហារ ត្រូវអនុវត្តអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធិភាពខ្ពស់ ទប់ស្កាត់ប្រជាពលរដ្ឋកុំឲ្យចូលរួមក្នុងការធ្វើបាតុកម្ម ដែលជាអំពើខុសច្បាប់ក្នុងចេតនា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
ការថ្លែងដាក់បទបញ្ជារបស់ឯកឧត្តម គីម រិទ្ធី ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ខេត្ត ក្រុង ស្រុក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធតាមបណ្តោយព្រំដែន កម្ពុជា-ថៃ-ឡាវ លោក អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ នាឱកាសនេះ ឯកឧត្តម គីម រិទ្ធី បានធ្វើការផ្សព្វផ្សាយពីសេចក្តីថ្លែងការដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាសារសម្លេងពិសេសរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីឲ្យកងកម្លាំងប្រដាប់អាវុធទាំង៣នៅទូទាំងខេត្ត តាមបណ្តោយព្រំដែន កម្ពុជា-ឡាវ-ថៃ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ យកទៅអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់។
ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងលើកឡើងពីសេចក្តីថ្លែងការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាការបកស្រាយពន្យល់របស់ព្រះរាជអាជ្ញា ដោយលើកពីទោសទ័ណ្ឌដល់ប្រជាពលរដ្ឋរូបណា ដែលសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រារាំងមិនឱ្យទៅចូលរួមធ្វើបាតុកម្ម ហើយនៅតែរឹងរូសទៅចូលរួមធ្វើបាតុកម្ម ក្នុងទិសដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះ គឺត្រូវមានទោស។
ដូច្នេះដើម្បីកុំឲ្យពលរដ្ឋស្លូតត្រង់របស់យើង រងគ្រោះដោយចាញ់បោកក្រុមជនក្បត់ជាតិនោះ សូមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពន្យល់បកស្រាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ ជៀសវាងចាញ់បោក និងរងគ្រោះដល់ខ្លួន ដោយសារក្រុមជនក្បត់ជាតិមួយក្តាប់តូចនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងណែនាំដល់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការពន្យល់បកស្រាយ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ថាតើអ្វីទៅជា (CLV- DTA) មន្ត្រី ក៏ដូចជាប្រជាពលរដ្ឋបានយល់ ដើម្បីកុំឲ្យចាញ់ការញុះញង់បោកប្រាស់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច ៕