សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋដែលបារម្ភរឿងកិច្ចសហប្រតិបត្តិការ CLV-DTA ត្រូវប្រកាន់អភិក្រមជជែកគ្នា តែកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបារម្ភរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ត្រូវប្រកាន់អភិក្រមជជែកគ្នា ប៉ុន្ដែធ្វើយ៉ាងណាកុំធ្វើសកម្មភាពប៉ះពាល់ដល់អសន្ដិសុខជាតិ នាំឱ្យខ្មែរបែកបាក់សាមគ្គីភាពជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើកទី៩ នៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី បានបញ្ជាក់ថា រឿងក្ដីបារម្ភលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺយើងមានប្រជាពលរដ្ឋបីប្រភេទ គឺប្រជាពលរដ្ឋអ្នកមានកង្វល់ ប្រជាពលរដ្ឋក្រុមអ្នកយល់ និងក្រុមអ្នកស្ងៀមស្ងាត់ ហើយក្រុមស្ងៀមស្ងាត់នេះ គឺជាក្រុមធំបំផុត។
សម្ដេចធិបតី ក៏បានបញ្ជាក់ថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំងការបំបែករដ្ឋ។ បើយើងប្រកាន់ជំហរបែបនេះ គឺយើងមិនអនុញ្ញាតឱ្យមានការបំបែកខេត្តនៅកម្ពុជាដាច់ខាត។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ ៕