នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកថា ប្រវត្តិសាស្ត្រកម្ពុជា បាត់បង់ទឹកដីកាលពីមុន គឺដោយសារតែយើងបែកបាក់សាមគី្គជាតិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកប្រវត្តិសាស្ត្រកម្ពុជាដែលបានបាត់បង់ទឹកដីទៅប្រទេសជិតខាងកន្លងទៅដោយសារខ្មែរបែកបាក់គ្នា ខ្វះសាមគ្គីភាព និងឯកភាពជាតិជាធ្លង់មួយ ទើបធ្វើឱ្យយើងបាត់បង់ទឹកដីគួរឱ្យសោកស្ដាយជាទីបំផុត។
ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩នៅវិទ្យាជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតី បានថ្លែងថា បើយើងនៅតែឈ្លោះគ្នា សង្ស័យគ្នាបន្តទៀត យើងនឹងបន្តបាត់បង់ទឹកដីបន្តទៀត មានតែការរួមគ្នាចូលរួមអភិវឌ្ឍន៍ជាតិឱ្យខ្លាំងទេ ទើបយើងអាចរក្សាទឹកដីយើងបាន។
សម្ដេចធិបតី បានថ្លែងបន្តថា គ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរទេ ប៉ុន្ដែខ្មែកំពុងប្រឈមមុខដាក់ខ្មែរគ្នាឯង។ រឿងនេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា បើមិនដូច្នេះទេរឿងនេះនឹងនាំឱ្យខ្មែរមានជម្លោះគ្នាឯង បែកបាក់សាមគ្គីជាតិដូចជាប្រវត្តិសាស្រ្តដែលខ្មែរធ្លាប់បានជួបប្រទះពីអតីតកាល។
ការបកស្រាយប្រវត្តិសាស្ត្រពន្យល់របស់សម្ដេចធិបតីនេះ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋមួយចំនួនបារម្ភអំពី កិច្ចសហប្រតិបត្តិការ នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ខ្លាចបាត់បងទឹកដី។ ផ្ទុយទៅវិញ ប្រមុខរាជរដ្ឋាភិបាលប្រកាសអភិវឌ្ឍន៍ក្នុងតំបន់ត្រីកោណនេះ ឱ្យកាន់តែរីកចម្រើន និងធានាមិនឱ្យបាត់បង់ឡើយ ៕