សម្តេចធិបតី៖ បើរាជរដ្ឋាភិបាល ធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួន៤ ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះ សូមបោះឆ្នោតទម្លាក់ចោលចុះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា បើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួន៤ ដែលបានដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការជជែកវែកញែកគ្នា ចំពោះបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ ត្រីកោណអភិវឌ្ឍន៍ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នោះគឺពិតជាត្រឹមត្រូវ ប៉ុន្តែទោះជាយ៉ាងណា រាជរដ្ឋាភិបាលនឹងមិនឲ្យបាត់បង់នូវអធិបតេយ្យ និងដែនដីរបស់ខ្មែរទាំងបួនខេត្តនោះឡើយ ផ្ទុយទៅវិញ មានតែធ្វើឲ្យខេត្តទាំង៤នេះ កាន់តែរីកចម្រើនទៅមុខកាន់តែខ្លាំងក្លាបន្ថែមទៀតតាមរយៈ ការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន រួមទាំងមជ្ឈមណ្ឌលសេដ្ឋកិច្ចជាដើម។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ដើម្បីលុបបំបាត់កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀណាម (CLV-DTA) គឺមានតែរាជរដ្ឋាភិបាល ខិតខំអភិវឌ្ឍន៍តំបន់ខេត្តទាំង៤ នោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ហើយក្នុងរយៈពេលទៅខាងមុខ បើតំបន់៤ខេត្តដែលគេចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ ឲ្យវៀតណាម នោះបងប្អូនមានសិទ្ធិទាមទារ ប្តឹងទៅអង្គការសហប្រជាជាតិ និងពិសេសនោះ គឺមានសិទ្ធិបោះឆ្នោតទម្លាក់ ប្រសិនបើករណីហ្នឹង កើតមែនដូចតាមគេញុះញង់ និងចោទប្រកាន់មកនោះ ៕