នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ រាល់ការស្ដាប់ និងការដោះស្រាយបញ្ហាជូនដល់ពលរដ្ឋ គឺជារឿងចាំបាច់ និងសំខាន់
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាល់ការស្ដាប់ និងការដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ គឺជារឿងចាំបាច់ និងសំខាន់បំផុត ដែលនឹងត្រូវធ្វើ និងដាក់ចេញដោយមិនអាចអាក់ខានបានឡើយ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី ចំនួន១ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្ដាប់ និងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជារឿងចាំបាច់ និងសំខាន់ដែលត្រូវតែធ្វើ និងដាក់ចេញ ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានដោះស្រាយបញ្ហា នៃការកាត់ទឹកប្រាក់ដុល្លារប្រលាក់ ឬរហែក ដោយបានប្រជុំជាមួយវិស័យឯកជន ខ្ញុំតែងតែជួបក្រៅផ្លូវការជាមួយពួកគាត់ ដើម្បីរកដំណោះស្រាយផ្សេងៗ ក្នុងនោះបានជួបជាមួយវិស័យឯកជន និងវិស័យធនាគារ ដើម្បីរកវិធានការបន្ធូបន្ថយសម្ពាធ ដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតី បានបញ្ជាក់ថា ជាការពិតវិស័យឯកជនជាអ្នកបង្កើតការងារ ដូច្នេះប្រសិនបើវិស័យឯកជនមានបញ្ហា អាជីវកម្មណាមួយ នឹងអាចប៉ះពាល់ដល់ការងារប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ដថា ប៉ុន្មានខែបន្ទាប់ពីខ្ញុំបានឡើងជានាយករដ្ឋមន្រ្ដី យើងមានវិស័យឯកជនជួប ជាមួយប្រមុខរាជរដ្ឋាភិបាល ដោយបានផ្ដល់គោលការណ៍អនុគ្រោះជាច្រើន ដើម្បីឲ្យដកដង្ហើម ឥឡូវនេះខ្ញុំកំពុងឲ្យធនាគារជាតិនៃកម្ពុជា ធ្វើការជាមួយវិស័យឯកជន ដើម្បីរកវិធីណាជួយពួកគាត់ ហើយពួកគាត់នឹងបន្ដជួយ ដល់អតិថិជនរបស់ខ្លួនបន្ថែមទៀត ដើម្បីបន្ធួសម្ភាធនេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានឲ្យដឹងថា យើងស្ដាប់ប្រជាពលរដ្ឋ ប៉ុន្ដែជាការពិតអ្នកខ្លះពេលយើងធ្វើអ្វីទៅក៏មិនដែលត្រូវ ពេលដែលយើងដាក់គោលនយោបាយខាងលើ គេថាមិនដែលបានចុះជួបប្រជាពលរដ្ឋ ប៉ុន្ដែនៅពេលដែលចុះជួបពលរដ្ឋគេថា សម្ដែង សុខចិត្តឲ្យគេថា សម្ដែងប៉ុន្ដែយ៉ាងហោចណាស់ យើងបានជួបផ្ទាល់ លឺផ្ទាល់ នឹងអាចដោះស្រាយផ្ទាល់ ចូលរួមដោះស្រាយផ្ទាល់ជាមួយរាជរដ្ឋាភិបាល នៅក្នុងការអនុវត្តន៍ដោះស្រាយកង្វល់ ជាក់ស្ដែងជូនប្រជាជន ៕