ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ៣៧៧នាក់ នៅសាកលវិទ្យាល័យអន្តរជាតិ (IU)
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រលើកទី៣៣ ជូនដល់និស្សិតជ័យលាភី ថ្នាក់វេជ្ជបណ្ឌិត ថ្នាក់ទន្តបណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសំណង់ស៊ីវិល សុខភាពសហគមន៍ សុរិយោដីនិងអភិរក្ស ចំនួន ៣៧៧នាក់ នៅសាកលវិទ្យាល័យអន្តរជាតិ (IU) នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។
ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការនៃក្រសួង-ស្ថាប័ន តំណាងក្រសួងសុខាភិបាល តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងគណៈកម្មការទទួលស្គាល់កម្រិតសិក្សា គណៈគ្រប់គ្រងសាកលវិទ្យាល័យ និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ ព្រមទាំងនិស្សិតដែលបានទទួលជ័យលាភី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការរីករាយ និងចូលរួមអបអរសាទរ ដល់ប្អូនៗ ដែលបានតស៊ូពុះពារ ខិតខំប្រឹងប្រែង ការលំបាកនានា ក្នុងការសិក្សារៀនសូត្ររហូតសម្រេចបានជោគជ័យ និងទទួលសញ្ញាបត្រនាពេលនេះ។
បន្ថែមពីនេះ បន្ទាប់ពីបានស្តាប់បទរាយការណ៍ពីប្រវត្តិ និងសមិទ្ធផលដែលសាកលវិទ្យាល័យអន្តរជាតិ បានសម្រចបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ស្ថាបនិក ថ្នាក់ដឹកនាំសាកលវិទ្យាល័យអន្តរជាតិ (IU) ដែលជាសាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ក្នុងការបណ្តុះបណ្តាលនិស្សិតប្រកបបដោយគុណភាព និងសមត្ថភាព ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្ស និងលើកស្ទួយវិស័យអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា ៕