កម្ពុជា-តួកគី ពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ កសិកម្ម ថាមពល អាកាសចរណ៍ស៊ីវិល និងបរិស្ថាន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោកជំទាវ Ülkü Kocaefe ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសម្ថភាពនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង។
ស្របពេលនៅឆ្នាំ២០២៤ ជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូតបានកត់សម្គាល់ពីភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី តាមរយៈការផ្តល់សារៈសំខាន់ចំពោះការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ ហើយភាគីទាំងពីរនឹងបន្តជំរុញឱ្យមានទស្សនកិច្ចកម្រិតខ្ពស់បន្ថែមទៀត។
ក្នុងអំឡុងពេលជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗដូចជា អប់រំ កសិកម្ម ថាមពល អាកាសចរណ៍ស៊ីវិល និងបរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការពហុភាគីផងដែរ។
ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់លើបញ្ហាតំបន់ និងសកល ដែលជាការព្រួយបារម្ភរួមផងដែរ៕