តោះមកដឹងពីប្រវត្តិរបស់លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ដែលទើបត្រូវបានជ្រើសរើស ជានាយករដ្ឋមន្រ្តីថៃថ្មី
បាងកក៖ សភាប្រទេសថៃ នៅថ្ងៃសុក្រទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីទី៣១ថ្មីរបស់ខ្លួន នោះគឺ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ ឯកឧត្ដម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។
លោកជំទាវ ផែថងថាន ហៅ «អ៊ឹងអ៊ីង» កើតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៨៦ បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅសាលា St. Joseph Convent និងសាលា Mater Dei។ លើសពីនេះ លោកជំទាវ បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយពីមហាវិទ្យាល័យជូឡាឡុងកន និងបានបន្តការសិក្សានៅសាកលវិទ្យាល័យ Surrey ចក្រភពអង់គ្លេស លើជំនាញផ្នែកគ្រប់គ្រងបដិសណ្ឋារកិច្ចអន្តរជាតិ។
បន្ទាប់មកលោកជំទាវ ក៏បានវិលត្រឡប់មកធ្វើអាជីវកម្មជាលក្ខណៈគ្រួសារវិញក្នុងនាមជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ SC Asset Corporation Public Company Limited និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិ Thaicom។ គិតត្រឹមឆ្នាំ២០២២ ក្រុមហ៊ុននេះ កាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនសរុបចំនួន២១ ដែលមានតម្លៃប្រហែល៦៨ពាន់លានបាត។ លោកជំទាវ ផែថងថាន បានរៀបការជាមួយ លោក ភីដុក ស៊ូកសាវ៉ាត (Pidok Suksawat) ក្នុងឆ្នាំ២០១៩ និងមានកូនស្រីម្នាក់ឈ្មោះ ធីថាន ស៊ូកសាវ៉ាត (Thitharn Suksawat) និងកូនប្រុសម្នាក់ឈ្មោះ ពុតឆាស៊ីន ស៊ូកសាវ៉ាត (Phutchasin Suksawat) ដោយលោកជំទាវ បានសម្រាលនៅពេលកំពុងគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ។
លោកជំទាវ ផែថងថាន មិនធ្លាប់ធ្វើជាសមាជិកសភា ឬជារដ្ឋមន្ត្រីអ្វីមួយឡើយ ប៉ុន្តែលោកស្រីបានប្រឡូកក្នុងវិស័យនយោបាយជាយូរមកហើយ។ កូនស្រីសំណព្វរបស់ឯកឧត្ដម ថាក់ស៊ីន រូបនេះ បានអមដំណើរឪពុកក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងជួបជាមួយសាធារណជនកំពូលៗក្នុងអាណត្តិដែលលោក ថាក់ស៊ីន នៅជានាយករដ្ឋមន្ត្រីថៃទី២៣ ក្នុងឆ្នាំ២០០១ ដល់២០០៦ រហូតដល់មានរដ្ឋប្រហារ។ ក្រៅពីឪពុកបង្កើត លោកស្រីក៏មានពូក្មេកជានាយករដ្ឋមន្ត្រីទី២៦ផងដែរ នោះគឺឯកឧត្ដម ស៊ុមឆៃ វង្សាវ៉ាត់ (Somchai Wongsawat) ដែលត្រូវបានតុលាការធម្មនុញ្ញថៃដកចេញពីតំណែង និងរំលាយគណបក្សអំណាចប្រជាជនក្នុងឆ្នាំ២០០៨។
ក្រៅពីនេះ លោកជំទាវក៏នៅមានម្តាយមីងជានាយករដ្ឋមន្រ្តីម្នាក់ទៀត គឺលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា ដែលជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសថៃ ប៉ុន្តែត្រូវបានតុលាការធម្មនុញ្ញថៃចេញដីកាបង្គាប់ឱ្យចុះចេញពីតំណែងមុនរដ្ឋប្រហារឆ្នាំ២០១៤។ បើទោះបីជាឃើញជោគវាសនាឪពុកបង្កើត ពូក្មេក និងម្តាយមីង នៅនឹងមុខក៏ដោយ លោកជំទាវ ផែថងថាន មិនញញើតក្នុងការចូលប្រឡូកក្នុងសមរភូមិនយោបាយនៅប្រទេសថៃឡើយ។
សូមជម្រាបថា លោកជំទាវ ផែថងថាន បានចូលប្រឡូកក្នុងឆាកនយោបាយជាផ្លូវការនៅក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់គណបក្សភឿថៃ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិពណ៌អន្តរជាតិកនគែន។ ពេលនោះហើយដែលលោកស្រីត្រូវបានតែងតាំងជាប្រធានទីប្រឹក្សាគណបក្សភឿថៃ។ គួរបញ្ជាក់ថា លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា បានដើរតាមគន្លងត្រកូលស៊ីណាវ៉ាត្រា ដោយត្រូវបានជាប់ឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃទី៣១ និងជាមេដឹកនាំស្ត្រីទី២របស់ប្រទេសថៃ បន្ទាប់ពីម្តាយមីងក្នុងវ័យ៣៧ឆ្នាំ ដែលជាប្រមុខរាជរដ្ឋាភិបាលវ័យក្មេងជាងគេរបស់ព្រះរាជាណាចក្រក្បែរខាងកម្ពុជាមួយនេះ ៕