ឧត្តមសេនីយ៍ឯក យិត ភីរៈ អញ្ជើញបើកព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាពជាតិ និងអន្ដរជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា» លើកទី១ ឆ្នាំ២០២៤
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាពជាតិ និងអន្ដរជាតិ «ពានរង្វាន់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា» លើកទី១ ឆ្នាំ២០២៤ បានចាប់ផ្ដើមដំណើរការការប្រកួតជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលអភិវឌ្ឍន៍ធនធានកីឡាជាតិកម្ពុជា នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ស្ថិតក្នុងសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រី កីឡាករមកពីក្លឹប និងក្លឹបមកពីអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ក៏បានផ្តាំផ្ញើដល់កីឡាករទាំងអស់ឱ្យប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីឱ្យការប្រកួតប្រជែងក្លាយជាព្រឹត្តិការណ៍ដ៏គួរឱ្យជក់ចិត្តសម្រាប់ជាការដុសខាត់ត្រៀមប្រកួតនានានៅពេលខាងមុខបន្ថែមទៀត។
គួររំលឹកថា ការរៀបចំ «ពានរង្វាន់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា» លើកទី១ ឆ្នាំ២០២៤ នេះមានការចូលរួមពីបណ្ដាក្លឹបក្នុងស្រុកចំនួន ១២ចូលរួម ខណៈបន្ថែមលើសពីនេះ ក៏មានក្លឹបមកពីអង្គភាពនានាចំណុះក្រសួងមហាផ្ទៃចំនួន ១៣រួមផងដែរ និងកាន់តែពិសេសជាងនេះទៅទៀត ព្រឹត្តិការណ៍ប្រកួតខាងលើក៏មានការចូលរួមពីក្លឹបកីឡាវាយសីជានគរបាលអញ្ជើញមកពីប្រទេសនានាក្នុងតំបន់ ៥ប្រទេសដូចជា ព្រះរាជាណាចក្រកម្ពុជា (ជាម្ចាស់ផ្ទះរៀបចំការប្រកួត), ប្រទេសម៉ាឡេស៊ី, ប្រទេសសិង្ហបុរី, ព្រះរាជាណាចក្រថៃ និងប្រទេសវៀតណាម ផងដែរ៕