លោកជំទាវ ភឿង សកុណា៖ ដើម្បីមហិច្ឆតានយោបាយ ក្រុមប្រឆាំងបានបង្កើតព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម
ភ្នំពេញ៖ នៅរសៀល ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំក្រសួងបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់ក្រសួង ដើម្បីពន្យល់ពីសភាពការណ៍ថ្មីៗ ដែលកំពុងកើតឡើងទាំងក្នុង និងក្រៅប្រទេស ពិសេសបញ្ហាញុះញង់របស់ក្រុមប្រឆាំងចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។
លោកជំទាវបានលើកឡើងថា ដើម្បីមហិច្ឆតានយោបាយ ក្រុមប្រឆាំងបានដើម្បីបង្កើតព័ត៌មានប្រឌិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដោយចោទប្រកាន់ទាំងងងឹងងងុលមកលើរាជរដ្ឋាភិបាល ព្រមទាំងបានញុះញង់អោយមានការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ក្នុងគោលបំណងប្រើប្រាស់រូបភាពបាតុកម្មនេះ ជាបដិវត្តពណ៌ក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ក្នុងឱកាសនេះ លោកជំទាវ បានធ្វើការពន្យល់ទៅលើសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលដូចជា៖
ទី១. គ្មានការកាត់ទឹកដី ៤ខេត្ត ជូនប្រទេសវៀតណាមដូចការចោទប្រកាន់មូលបង្កាច់ពីក្រុមជ្រុលនិយមមួយចំនួនតូចនោះឡើយ។
ទី២. គ្មានការយកខេត្តទាំង៤ របស់កម្ពុជា ទៅដាក់ហ៊ុនជាមួយប្រទេសជិតខាង ដើម្បីបញ្ចូលគ្នាជាដែនដីតែមួយ ដូចការលើកឡើងដោយបំភាន់ ឬដោយការភាន់ច្រឡំមួយចំនួននោះឡើយ។
ទី៣. គ្មានការដាក់ហ៊ុនធនធានធម្មជាតិ ដូចជាធនធានរ៉ែ និងធនធានព្រៃឈើជាដើម របស់ខេត្តទាំង៤ ដើម្បីវិនិយោគរួមគ្នាដូចការលើកឡើងនោះឡើយ។
ទី៤. គ្មានការអនុញ្ញាតឱ្យប្រជាពលរដ្ឋប្រទេសនីមួយៗចេញចូលដោយសេរី ក្នុងទឹកដីតំបន់ត្រីកោណអភិវឌ្ឍន៍នោះឡើយ។
លោកជំទាវក៏បានផ្តាំផ្ញើអោយមន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ ពិនិត្យតាមដានសភាពការណ៍នេះអោយម៉ត់ចត់ និងត្រូវជួយអប់រំណែនាំដល់បងប្អូន សាច់ញាតិ ក៏ដូចជាប្រជាជនទូទៅកុំចាញ់ឧបាយកលទុច្ចរិត ញុះញង់ ក្នុងចេតនាបង្កចលាចល និងបំបែកបំបាកឯកភាពផ្ទៃក្នុងជាតិកម្ពុជា។ តម្លៃនៃសន្តិភាព គឺមានតម្លៃ និងមានអត្ថន័យធំធេងណាស់សម្រាប់យើង ដូច្នេះយើងត្រូវខិតខំចូលរួម រក្សា និងការពារសន្តិភាព។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមគំនិតអំពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) និងប្តេជ្ញាចូលរួមគាំទ្រពេញទំហឹង ព្រមទាំងសម្តែងការគោរពចំពោះឆន្ទះដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ជាពិសេសគាំទ្រ និងប្តេជ្ញាអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់៕