គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរ និងកម្លាំងប្រដាប់អាវុធ អនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧សីហានេះ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ឯកឧត្ដម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តការងារព្រមៗគ្នា និងម៉ឺងម៉ាត់បំផុត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលស្របច្បាប់ ខណៈក្រុមអគតិ និងពួកជ្រុលនិយម គ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហាខាងមុខនេះ។
ឯកឧត្ដមបានបញ្ជាក់ច្បាស់ថា “កិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ជាង៣លាននាក់ ប្រៀបបានទៅនឹងកិច្ចការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ១៧លាននាក់ នៅទូទាំងប្រទេសដែរពី ព្រោះរាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាយើង”។
ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា ការបើកកិច្ចប្រជុំបន្ទាន់នេះ គឺដើម្បីរំលឹកអោយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំអោយមើលស្រាលសភាពការណ៍ ព្រោះថា ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងនឹងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាថ្ងៃទី១៨សីហានេះ ពួកគេមិនមែនមកធ្វើបាតុកម្ម ដោយការបញ្ចេញមតិនោះទេ គឺមានគម្រោងប្រើអំពើហឹង្សាតែម្តង។ ដូច្នេះកម្លាំងទាំងអស់ត្រូវតែម៉ត់ចត់បំផុត ពិសេសចំពោះគោលដៅចូលរាជធានីភ្នំពេញ បើមានការសង្ស័យត្រូវឃាត់ខ្លួនសួរនាំ និងធ្វើកំណត់ហេតុអោយបានច្បាស់លាស់។ ផ្ទុយទៅវិញបើពិនិត្យឃើញថា ពួកគាត់មានចេតនាចូលមករាជធានីភ្នំពេញ ដើម្បីធ្វើការរកស៊ីមែននោះ សូមសម្រួលជូនពួកគាត់ភ្លាម។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា អាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធរ ពិតជានើយហត់ខ្លាំងហើយ ក្នុងតំណាក់កាលនេះ តែពិតជាមានមោទនភាពខ្លាំងណាស់ដែរ ដែលបានចូលរួមក្នុងកិច្ចការថែរក្សាសន្តិភាព ជូនជាតិនិងប្រជាជន៕