ចិន នឹងត្រួតពិនិត្យមនុស្ស និងទំនិញ ដែលចូលមកក្នុងប្រទេស ដើម្បីការពារជំងឺអុតស្វា
ប៉េកាំង៖ សេចក្តីថ្លែងការណ៍មួយពីរដ្ឋបាលគយរបស់ប្រទេសចិន បានបញ្ជាក់នៅថ្ងៃសុក្រទី១៦ ខែសីហាថា ប្រទេសចិននឹងត្រួតពិនិត្យមនុស្ស និងទំនិញដែលចូលមកក្នុងប្រទេសសម្រាប់ជំងឺអុតស្វា សម្រាប់រយៈពេលប្រាំមួយខែបន្ទាប់។ ការណ៌នេះកើតឡើងក្រោយ អង្គការសុខភាពពិភពលោកប្រកាសការផ្ទុះឡើងនៃជំងឺអុតស្វានៅទ្វីបអាហ្រ្វិក ជាគ្រាអាសន្នផ្នែកសុខភាពសកល។
រដ្ឋបាលគយចិន បានបញ្ជាក់ថា៖«អ្នកដំណើរមកពីបណ្តាប្រទេសដែលមានការផ្ទុះឡើងនៃជំងឺអុតស្វាដែលមានទំនាក់ទំនងជាមួយឆ្លងជំងឺ ឬបង្ហាញរោគសញ្ញា..ត្រូវប្រាប់រដ្ឋបាលគយ»។ សេចក្តីថ្លែងការណ៍បានបន្ថែមថា រថយន្ត កុងតឺន័រ និងទំនិញពីតំបន់ដែលមានករណីឆ្លងជំងឺអុតស្វា គួរតែត្រូវបានធ្វើអនាម័យ។
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធបានប្រកាសថា ជំងឺអុតស្វា ជាគ្រាអាសន្នសុខភាពសាធារណៈសកលជាលើកទីពីរ ក្នុងរយៈពេល២ឆ្នាំបន្ទាប់ពីការផ្ទុះឡើងនៃការឆ្លងមេរោគនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរីករាលដាលដល់ប្រទេសជិតខាង។
គួររំឭកថា គណៈកម្មាធិការសុខភាពជាតិរបស់ប្រទេសចិន កាលពីឆ្នាំមុនបានប្រកាសថា ជំងឺអុតស្វានឹងត្រូវចាត់ថ្នាក់ជាជំងឺឆ្លងប្រភេទ B ដែលអនុញ្ញាតឱ្យមន្ត្រីមានវិធានការបន្ទាន់ដូចជាការរឹតបន្តឹងការជួបជុំ ការផ្អាកការងារ និងសាលារៀន ឬការបិទតំបន់នៅពេលដែលមានការផ្ទុះឡើងនៃជំងឺ។ ជំងឺឆ្លងប្រភេទ B បច្ចុប្បន្នរួមមាន ជំងឺកូវីដ ១៩, ជំងឺអេដស៍ និងជំងឺSARS៕