ឯកឧត្តម ម៉ាង ស៊ីណេត ចុះដោយផ្ទាល់ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យការជួយសង្គ្រោះប៉ូលីសចំនួន២រូប ដែលរងរបួសធ្ងន់ធ្ងរ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងគ្រួសារ
ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានចុះដោយផ្ទាល់ទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យការជួយសង្គ្រោះប៉ូលីសមូលដ្ឋាន ប៉ុស្តិ៍ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ចំនួន២រូប ដែលរងរបួសធ្ងន់ធ្ងរ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងគ្រួសារពលរដ្ឋមួយគ្រួសារនៅក្នុងមូលដ្ឋានរបស់ខ្លួន។
តាមការរៀបរាប់របស់សមត្ថកិច្ច បានឲ្យដឹងថា ពេលសម្រុះសម្រួលរួច ប៉ូលីស និងប្រជាការពារទៅជាមួយដើរត្រឡប់មកវិញបុរសដៃដល់បានកាប់ពីក្រោយមិនដឹងខ្លួន បណ្តាលឲ្យប៉ូលីស២នាក់រងរបួសធ្ងន់ធ្ងរ ចំណែកប្រជាការពារបានគេចផុត។
គូសបញ្ជាក់ថា ករណីហិង្សាក្នុងគ្រួសារនេះកើតឡើងនៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្រោយកើតហេតុជនដៃដល់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកទៅសួរនាំបន្ថែម និងបន្តនីតិវិធីច្បាប់ ចំណែកប៉ូលីសរងរបួសទាំង២នាក់ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ៕