ឯកឧត្ដម ប៉ែន បូណា៖ ក្រុមប្រឆាំងអួតថាខ្លួនជាអ្នកប្រជាធិបតេយ្យ តែព្យាយាមប្រើមធ្យោបាយមិនប្រជាធិបតេយ្យ ដើម្បីដណ្ដើមអំណាចទៅវិញ
ភ្នំពេញ៖ ថ្លែងក្នុងកម្មវិធីសន្និសីទរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ស្តីពីលទ្ធផលរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នាថ្ងៃទី១៩ សីហានេះ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស អួតថាខ្លួនប្រជាធិបតេយ្យ ប៉ុន្តែបែរជាមិនទទួលស្គាល់ប្រព័ន្ធបោះឆ្នោត តែព្យាយាមប្រើប្រាស់មធ្យោបាយមិនប្រជាធិបតេយ្យដើម្បីដណ្ដើមអំណាចទៅវិញ ។
ឯកឧត្ដម ប៉ែន បូណា បានបង្ហាញការសោកស្ដាយ ចំពោះក្រុមប្រឆាំងជ្រុលនិយម បានប្រឆាំងសូម្បីតែផលប្រយោជន៍ជាតិខ្លួនឯង។
ឯកឧត្ដម ក៏បានបង្ហាញពីភាពរឹងមាំរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដែលឈរធានាការពារសន្តិភាព ស្ថិរភាពនយោបាយ បូរណភាពទឹកដី ការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ លោកថា បើមិនមានរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនទេនោះ កម្ពុជា នឹងធ្លាក់ចូលក្នុងប្រវត្តិសាស្រ្តចាស់ តាមរយៈនយោបាយផ្ដួលរំលំដោយប្រើកម្លាំងក្រៅប្រព័ន្ធការបោះឆ្នោត។
ឯកឧត្ដម ប៉ែន បូណា បញ្ជាក់ថា «គេអួតគេ ថា អ្នកប្រជាធិបតេយ្យ ប៉ុន្តែមិនទទួលស្គាល់ប្រព័ន្ធបោះឆ្នោត បែរទៅជា ព្យាយាមប្រើប្រាស់មធ្យោបាយមិនប្រជាធិបតេយ្យ យកមកដណ្ដើមអំណាចទៅវិញ»។
ឯកឧត្ដម ប៉ែន បូណា ថ្លែងទៀតថា ក្រុមប្រឆាំងជ្រុលនិយម បានរៀបចំកន្លងមក គឺផ្ទុយពីរាជរដ្ឋាភិបាលទាំងស្រុង ខណៈរដ្ឋាភិបាលកម្ពុជា ព្យាយាមអង្គុយសិក្សាស្រាវជ្រាវដើម្បីរៀបចំជាយុទ្ធសាស្រ្ត តាំងពីយុទ្ធសាស្រ្តត្រីកោណ ចតុកោណ រហូតមកដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រហូតទៅដល់ដំណាក់កាលតទៅមុខទៀតដល់ឆ្នាំ២០៥០ សុទ្ធតែកើតចេញពីការគិតគូរ គូសវាសពិចារណា ដើម្បីបម្រើផលប្រយោជន៍ជាតិ៕