ឯកឧត្ដម ប៉ែន បូណា ផ្ដាំទៅអ្នកដែលតែងរិះគន់ ឲ្យបើកភ្នែក បើកត្រចៀក មើលនិងស្ដាប់ឱ្យច្បាស់ថា រាជរដ្ឋាភិបាលបានធ្វើអីខ្លះ មុននឹងបើកមាត់និយាយ
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងផ្តាំផ្ញើទៅដល់មនុស្សមួយចំនួន ដែលតែងតែរិះគន់ និងជេរទៅលើរាជរដ្ឋាភិបាល នីតិកាលទី៧ សូមបើក «ខួរក្បាល បើត្រចៀក បើកភ្នែក» មើលឱ្យបានច្បាស់នូវអ្វីដែលរាជរដ្ឋាភិបាលកំពុងធ្វើសព្វថ្ងៃ មុននឹងបើកមាត់ និយាយ ។
ក្នុងវេទិកាសារព័ត៌មានលើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉ែន បូណា បញ្ជាក់ថា «ខ្ញុំសូមផ្ញើសារដែរ ទៅអ្នកដែលអង្គុយរិះគន់ អ្នកដែលអង្គុយជេររដ្ឋាភិបាលសព្វថ្ងៃនេះ សូមឱ្យបើកភ្នែកមើលឱ្យច្បាស់ថា រាជរដ្ឋាភិបាលបានធ្វើអី បើកត្រចៀកស្តាប់គេពន្យល់ថាគេធ្វើអីខ្លះ បើកខួរក្បាលពិចារណាឱ្យច្បាស់មុននឹងបើកមាត់និយាយ»។
ឯកឧត្ដម ប៉ែន បូណា បានថ្លែងទៀតថា រឿងនេះសំខាន់ណាស់ពីព្រោះអ្នករិះគន់សព្វថ្ងៃនេះ បើកតែមាត់ទេ និយាយអត់បានមើល អត់បានស្រាវជ្រាវ អត់បានសិក្សាអ្វីទាំងអស់ ចេះតែនិយាយបើកតែមាត់ បែរជាភ្នែកបិទ ត្រចៀកបិទ ខួរក្បាលបិទ ហើយមាត់ចេះតែនិយាយទៅដោយមិនបានដឹងអ្វីទាំងអស់។
ឯកឧត្ដម ប៉ែន បូណា បានបន្ថែមទៀតថា សូមអ្នកពូកែរិះគន់ពិនិត្យមើលឱ្យច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយគោលនយោបាយនេះវាពិតជាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលគឺបានធ្វើអ្វីៗដើម្បីតែប្រជាពលរដ្ឋ ៕