ឯកឧត្ដម ហ្សង់ ហ្វ្រង់ស្វ័រ តាន់៖ កម្ពុជា ផ្លាស់ប្តូរនាយករដ្ឋមន្ត្រីមែន ប៉ុន្តែមិនផ្លាស់ប្តូរស្នូលនយោបាយការបរទេសរបស់ខ្លួនឡើយ
ភ្នំពេញ៖ ឯកឧត្ដម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ថ្លែងដោយសង្កត់ធ្ងន់ថា កម្ពុជា ផ្លាស់ប្តូរនាយករដ្ឋមន្ត្រីមែន ប៉ុន្តែមិនផ្លាស់ប្តូរស្នូលនយោបាយការបរទេសរបស់ខ្លួនឡើយ ។
ក្នុងសន្និសីទសារព័ត៌មាន បង្ហាញសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណតិ្តទី៧ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ បានលើកឡើងថា កម្ពុជា ជាប្រទេសតូចពិតប្រកែកមិនបានទេ តែមានបទពិសោធន៍ធំ គឺក្នុងមហាសោកនាដកម្ម ១ពាន់ជំពូក ដែលបង្កឡើងដោយសង្គ្រាម ក្នុងន័យនេះបន្តពីសម្តេចតេជោ ក្នុងរយៈពេល១ឆ្នាំចុងក្រោយនេះ សម្តេចធិបតី បានប្រកាសប្រាប់បណ្តាប្រទេសជិតខាង ប្រាប់បណ្តាប្រទេសក្នុងតំបន់ និងប្រាប់ពិភពលោកទាំងមូលថា រក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយ គឺជាអាទិភាពធំបំផុតរបស់កម្ពុជា ។
ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បន្ថែមថា ប្រទេសកម្ពុជា តូចមែនពិតតែមានសំឡេងឆ្នោតមួយ ដូចគេឯង និងមានទង់ជាតិមួយបក់រវិចនៅលើឆាកអន្តរជាតិ នៅអង្គការសហប្រជាជាតិ ឬឆាកតំបន់អាស៊ាន។
ឯកឧត្ដម ហ្សង់ ហ្វ្រង់ស្វ័រ តាន់ គូសបញ្ជាក់ថា កម្ពុជាប្រឆាំងនឹងការជ្រៀតជ្រែតពីសំណាក់បរទេសទាំងអស់ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយកម្ពុជាបន្តអនុវត្តនូវនយោបាយការបរទេសមួយឯករាជ្យពេញលេញ ដោយផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍នានានៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍តំបន់អាស៊ាន៕