ឯកឧត្ដម ប៉ែន បូណា៖ សមាជិកគាំទ្របក្សប្រជាជនកម្ពុជាច្រើនណាស់ ប៉ុន្តែគេអត់ធ្មត់ គេមានភាពចាស់ទុំ
ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានព្រមានដល់យុវជនក្រុមប្រឆាំងមួយចំនួន ដែលតែងជេរប្រមាថ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាថា សមាជិកគណបក្សប្រជាជនកម្ពុជា មានចំនួនច្រើនណាស់ ប៉ុន្តែពួកគេអត់ធ្មត់។
ការថ្លែងព្រមានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយម ជាពិសេសយុវជន ដែលមិនទាន់ជ្រុះពន្លៃពីក្បាល ដែលតែងតែនាំគ្នាជេរប្រមាថថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ។
ក្នុងក្នុងវេទិកាសារព័ត៌មាន លើកទី៤ ស្ដីពី «គោលនយោបាយជាតិ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេល១ឆ្នាំ» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដម ប៉ែន បូណា បញ្ជាក់ថា «សូមជម្រាបថា សមាជិកគាំទ្របក្សប្រជាជនកម្ពុជាច្រើនណាស់ ប៉ុន្តែគេសម្ដែងភាពអត់ធ្មត់ គេមានភាពចាស់ទុំ ក្នុងនាមអ្នកគាំទ្រគណបក្សកាន់អំណាច គេមិនចង់ធ្វើអ្វីមួយ ឲ្យវាមានបញ្ហានៅក្នុងសង្គម គេអត់ធ្មត់ ប៉ុន្តែបើដល់កម្រិតមួយ ដែលគេអត់ធ្មត់លែងបាន»។
ឯកឧត្ដម ប៉ែន បូណា ថ្លែងថា លោកជឿជាក់ថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងអស់គ្នា គឺមានការស្រុះគ្នាណាស់ ដើម្បីការពារគណបក្ស, ការពាររាជរដ្ឋាភិបាល, ការពារថ្នាក់ដឹកនាំ ដែលបានលះបង់ធំធេងខ្លាំងណាស់ សម្រាប់ប្រទេសជាតិ និងប្រជាជនមួយនេះ ៕